ព័ត៌មានជាតិ

លោក ស ថេត ឲ្យចាប់បញ្ជូនជនបរទេស មិនស្តាប់គ្រូពេទ្យ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សុំគោលការណ៍ បណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា បើមានអ្នកអុកឡុក ឬបង្កបញ្ហាមិនស្តាប់តាមការ ណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ចំពោះជនបរទេស ដែលបង្កបញ្ហាដោយនឹងត្រូវចាប់បញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសុំគោលការណ៍ ថ្នាក់ដឹកនាំបណ្តេញចេញពីប្រទេសកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកលោក ស ថេត ។

កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ស ថេត បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីប្រជុំផ្សព្វផ្សាយ និងបែងចែកកម្លាំងប្រចាំការ តាមគោលដៅព្យាបាល និងគោលដៅកំពុងធ្វើចត្តាឡីស័ក ជាពិសេសកងកម្លាំងទាំងអស់ ត្រូវតែបំពេញតួនាទីភារកិច្ចឲ្យបានល្អ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជា របស់ថ្នាក់ដឹកនាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមទីតាំងឲ្យបានល្អ នៅតាមគ្រប់ទីតាំងទាំងអស់ ម្យ៉ាងវិញទៀតកម្លាំងទាំងអស់ ដែលប្រចាំការតាមគោលដៅ ត្រូវតែចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

កិច្ចប្រជុំបន្ទាន់នេះដែរ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោកស្នងការ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «បើក្នុងករណីមានអ្នកអុកឡុក ឬបង្កបញ្ហាមិនស្តាប់ តាមការណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ចំពោះជនបរទេសដែលបង្កបញ្ហា នឹងចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសុំគោលការណ៍ថ្នាក់ដឹកនាំ បណ្តេញចេញពីប្រទេសកម្ពុជា» ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ កុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ២៦២នាក់ ៕

To Top