ភ្នំពេញ ៖ អតីតមន្រ្តីកើតចេញ ពីអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានដាក់លិខិត នៅក្រសួងមហាផ្ទៃរួចរាល់ហើយ ដើម្បីសុំចុះបញ្ជីឈ្មោះគណបក្ស កែទម្រង់កម្ពុជាជាផ្លូវការ ។
លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នាថ្ងៃ១ មីនា ថា «ខ្ញុំបានដាក់លិខិតរួចហើយ នៅព្រឹ កមិញនេះ នៅក្រសួងមហាផ្ទៃ ហើយក្រសួងទទួលរួចដែរ ។ ឈ្មោះ រូប ឡូហ្គោល ក្រសួងពិនិត្យរួចហើយ នៅមាននីតិវិធីខ្លះ ចាំបាច់ត្រូវប្រគល់បន្ថែម តាមបែបគណបក្សនយោបាយ»។
លោកបន្ដថា ក្រសួងមហាផ្ទៃ បានពិនិត្យខ្លឹមសារ គណបក្សកែទម្រង់កម្ពុជា ដោយមិនមានអ្វីខុសឡើយ ដោយលោកបញ្ជាក់ថា ក្រសួងក៏មិនទាន់ប្រកាសទទួលស្គាល់ គណបក្សកែទម្រង់កម្ពុជាភ្លាមៗដែរ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន។
ជាងនេះទៅទៀត លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានលើកឡើងថា សម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះ គណបក្សកែទម្រង់កម្ពុជា បានត្រៀមខ្លួនរួចជាសម្រេច សម្រាប់ការប្រកួតប្រជែងបោះឆ្នោត។
សូមបញ្ជាក់ថា ក្រុមអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយ និងអ្នកខ្លះ មិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយ បានកំពុងប្រមូលកំលាំង ដើម្បីឈានដល់ការបង្កើតគណបក្ស នយោបាយថ្មីមួយ ដែលអាចមានឈ្មោះថា «គណបក្សកែទម្រង់កម្ពុជា» ។ បក្សថ្មីនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានជួប លោក សុន ឆ័យ លោក មាជ សុវណ្ណារ៉ា និងលោក ប៉ុល ហំម ផងដែរ ប៉ុន្តែជាក់ស្តែងមិនទាន់ដឹងថា ពួកគាត់ចូលរួមឬក៏អត់ទេ ខណៈលោក អ៊ូ ច័ន្ទរ័ត្ន មិនទាន់ប្រកាស នៃសមាសភាពបក្សនៅឡើយដែរ។ ចំពោះប្រធានគណបក្សក៏មិនទាន់ដឹងថា ជាបុគ្គលម្នាក់ណាដែរ៕