ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែង ប្រកាសថា សុខភាពរបស់សម្តេចតេជោ បន្ទាប់ពីចាក់វ៉ាក់សាំង អាស្រ្តាហ្សនីកា រួច២ម៉ោងក្រោយមក គឺគ្មានបញ្ហាអ្វីកើតឡើងឡើយ ។
សម្តេចតេជោបន្តថា “មកដល់ម៉ោងនេះខ្ញុំអត់អីទេ ខ្ញុំចាក់ដៃឆ្វេង គេចាក់ដៃស្តាំ ព្រោះខ្ញុំត្រូវពិនិតឯកសារប្រចាំថ្ងៃ។ ព្រោះបើមានបញ្ហាអីទៅប្រើដៃស្តាំ។ ខ្ញុំចាក់២ម៉ោងហើយដូចអត់មានឈឺកន្លែងណាផង” ។
តបទៅក្រុមប្រឆាំងដែលរិះគន់សម្តេចរឿងវ៉ាក់សាំងពីចិននោះ សម្តេចតេជោសង្កត់ធ្ងន់ថាគឺបណ្តាប្រទេសអាស៊ានប្រើវ៉ាក់សាំងចិនច្រើនជាងប្រទេសដទៃផង ហេតុអ្វីបានជាមកតែរិះគន់កម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា “ដូច្នេះហើយបានជាខ្ញុំមិនតបទល់ទៅនឹងរិះគន់នេះ”។
ជាមួយគ្នានេះសម្តេចថា សូម្បីអង្គការសុខភាពពិភពលោកក៏មិនប្រឆាំងចិនទេដែរ រឿងវ៉ាក់សាំងនេះ ។
សម្តេចតេជោបន្ថែមថា ដូចគ្នានេះដែរ ប្រទេសនៅលោកខាងលិចក៏ប្រើវាំក់សាំងចិនដែរ តែគេម៉េចក៏គ្មានកំហុស តែមានកំហុសសម្រាប់កម្ពុជាអីចឹង? ។
សម្តេចតេជោបានថ្លែងក្នុងន័យបញ្ឆិតបញ្ឆៀងទៅក្រុមប្រឆាំងថា ឲ្យពួកគេសប្បាយចិត្តទៅដែលបានចោទប្រកាន់ថា អ្នកចាក់វ៉ាក់សាំងចិនស្លាប់ ឬស្វិតដៃ ស្វិតជើង តែជាក់ស្តែងគ្មានបញ្ហាអ្វីកើតឡើងដូចគេថានោះទេ ។
សម្តេចថា បើចង់សម្លាប់មនុស្សមិនចាំបាច់ធ្វើវ៉ាក់សាំងទេ ដាក់តែនៅក្នុងស្ករគ្រាប់សម្លាប់មនុស្សមិនអស់។ តែសម្តេចថា គឺនយោបាយប្រឆាំងចិននៅកម្ពុជារបស់ក្រុមប្រឆាំងគឺផ្កាប់មុខងើបមិនរួចទេ ។
ទន្ទឹងនឹងនេះ សម្តេចប្រកាសថា ប្រទេសណាឲ្យវ៉ាក់សាំង គឺកម្ពុជាយកទាំងអស់ មិនបដិសេធឡើយ ៕