ព័ត៌មានជាតិ

ត្រឹមខែមីនា បង្កបង្កើនផលស្រូវរដូវប្រាំងបានជាង ៦៤ម៉ឺនហិកតា ខណៈប្រមូលផលជាង ១លានតោន

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ប្រជាកសិករបង្កបង្កើនផលលើ ផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២.៤៨៣ហិកតា ខណៈការប្រមូលផលបានជាង ១,៤លានតោន ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ មីនានេះ លោករដ្ឋមន្ត្រី វេង សាខុន បានមានប្រសាសន៍ថា គិតមកត្រឹមថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ ប្រជាកសិករ បានធ្វើឲ្យសម្រេចលើការងារបង្កបង្កើនផល លើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២ ៤៨៣ហិកតាស្មើនឹង ១៣៩,៩១% លើផែនការចំនួន ៤៥៩ ២០០ ហិកតាបើទោះបីកម្ពុជា ក៏ដូចជាបណ្តាប្រទេស ស្ថិតនៅក្នុងអាងទន្លេមេគង្គ បានជួបបញ្ហាប្រឈម ទៅនឹងកម្រិតកម្ពស់ទឹកទន្លេមេគង្គ ក្នុងរដូវវស្សាឆ្នាំ២០២០ យ៉ាងណាក៏ដោយ ។

លោកថា មានខេត្តចំនួន៥ បានបង្កបង្កើនផលច្រើនគេរួមមាន ៖ ខេត្តព្រៃវែងសម្រេចបាន ១១១ ២៧៩ ហិកតា តាកែវចំនួន១០៧ ៣៧៧ ហិកតា កំពង់ធំចំនួន៧៦ ៩៥៦ហិកតា កណ្តាលចំនួន៥៥ ០៤៧ហិកតា និងខេត្តបន្ទាយមានជ័យ សម្រេចបាន ៥០ ៥១១ហិកតា ។

ផ្ទាំងពាណិជ្ជកម្ម

លោក វេង សាខុន បញ្ជាក់ថា «ទន្ទឹមនឹងប្រជាកសិករ នៅតំបន់មួយចំនួន បាននិងកំពុងបន្តសាបព្រោះ ក៏ការប្រមូលផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស បាននិងកំពុងដំណើរការ បន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ប្រជាកសិករសម្រេចប្រមូលផល ស្រូវរដូវប្រាំងបានចំនួនជាង ១,៤ លានតោន លើផ្ទៃដី ៣២៥ ៦១៣ ហិកតា ស្មើនឹង ៥០,៦៨% ដែលទទួលបានទិន្នផល ជាមធ្យមប្រមាណ ៤,៤៣ តោនក្នុងមួយហិកតា ។ យោងតាមការព្យាករណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២,៦លានតោន» ។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធ ទិន្នន័យគ្រឹះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលស្រូវពីកម្ពុជា ទៅវៀតណាម ក្នុងរយៈពេល២ខែ៤ថ្ងៃ ដើមឆ្នាំ២០២១ នេះសម្រេចបានចំនួន ៧០៧ ៥៩៥ តោន ។ ក្នុងនោះការនាំចេញស្រូវផ្លូវការ មានចំនួន ៣៤៥ ៦០០ តោន ។ ដោយឡែកចំពោះទីផ្សារស្រូវវិញឆ្នាំនេះវិញ គឺកសិករភាគច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១៧០រៀល/គីឡូក្រាម ៕

To Top