ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើអំពាវនាវ ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការទិញ ផលិតផលបំប៉នសុខ ភាព ឬអាហារបំប៉នសុខភាព នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដូចជា សារ៉ាយសមុទ្រ Spirulina និង ផលិតផលបំប៉នសុខភាព ឬអាហារបំប៉ន សុខភាពដទៃទៀត នៅលើបណ្តាញសង្គមនា នា យ៉ាងផុលផុស ដោយបានប្រើប្រាស់នូវខ្លឹមសារភូតកុហក បោកប្រាស់ ផ្ទុយពីគុណភាពរបស់ផលិតផលទាំងនោះ ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ក្នុងការទិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមកប្រើប្រាស់ សម្រាប់ព្យាបាលជំងឺ ដែលបណ្តាលឲ្យអូសបន្លាយពេលវេលា ក្នុងការព្យាបាលបង្កឲ្យការព្យាបាលជំងឺមិនបានទាន់ ពេលវេលា ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ឬឈានដល់ការបាត់បង់អាយុជីវិត។
តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល ថ្មីៗនេះបានឲ្យដឹង ថា «អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រាន់តែមានមុខ ងារ ក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយ កំលាំងតែប៉ុណ្ណោះ តាមរយៈការបំពេញបន្ថែមកង្វះខាត នៃសារធាតុចាំ បាច់ដែលសរីរាង្គកាយយើងត្រូវការ ដើម្បីបំពេញមុខងារសរីរាង្គ ប៉ុន្តែផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព មិនអាចជំនួសចំណីអាហារដែល យើងបរិភោគប្រចាំថ្ងៃបានទេ និងគ្មានប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ បង្ការ ឬព្យាបាលជំងឺ ដូចជាជំងឺមហារីក ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម លើសឈាម បានឡើយ ផ្ទុយទៅវិញផលិតផល បំប៉នសុខភាព ឬអាហារបំប៉ន សុខភាពមួយចំនួនអាចបង្កឲ្យមានហានិភ័យចំពោះសុខភាព និងជួនកាលអាចបង្កគ្រោះ ថ្នាក់ដល់អាយុជីវិតផងដែរ»។
ម្យ៉ាងទៀត ក្រសួងសុខាភិបាល បានធ្វើរំលឹកថា ការប្រើប្រាស់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព មិនអាច ជំនួសឱសថ ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ក្នុងការព្យាបាលជំងឺរ៉ាំរ៉ៃផ្សេងៗបានឡើយ។ ដូច្នេះមុននឹង សម្រេចចិត្តប្រើផលិតផលទាំងនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកដែលមានជំនាញសុខាភិបាលឲ្យបានច្បាស់លាស់ ដែលពួកគាត់អាចណែនាំយើងឱ្យដឹងពីតុល្យភាពរវាងចំណីអាហារត្រូវបរិភោគប្រចាំថ្ងៃ និងតម្រូវការផលិតផល បំប៉នសុខភាព ឬអាហារបំប៉នសុខភាពដែលចាំបាច់ត្រូវប្រើប្រាស់បន្ថែម៕
 
													
																							
 
																								
												
												
												
 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									