នយោបាយ

កម្ពុជា មិនអាចប្រើច្បាប់ ដាក់ប្រទេស ក្នុងគ្រាអាសន្ន ដោយសារប៉ះពាល់ ផ្នែកសេដ្ឋកិច្ច

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា កម្ពុជាមិនទាន់អាចប្រើប្រាស់ «ច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្ន» ឡើយដោយសារតែប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ទោះបីកម្ពុជា ជួបស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក៏ដោយ ។

ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសចូលរួមឡើង ការពារសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំ ងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក កើត រិទ្ធ បានថ្លែងឲ្យដឹងថា មានប្រទេសមួយចំនួន ប្រើប្រាស់ច្បាប់ ដាក់ប្រទេសក្នុងគ្រាសអាសន្ន ។ លោករំលឹកថា កម្ពុជានៅពេលមានជំងឺកូវីដ-១៩ ឆ្លងមកដល់ភ្លាម រាជរដ្ឋាភិបាល ត្រៀមលក្ខណៈជាម្ចាស់ការ ដើម្បីរៀបចំច្បាប់ ដាក់ប្រទេសក្នុងគ្រាសអាសន្ន ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្ដែជាបទពិសោធន៍ ក្នុងការគ្រប់គ្រងជំងឺកូវីដ ក្នុងរយៈពេលជាង១ឆ្នាំនៅកម្ពុជា និងបទពិសោធន៍ ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំង ជំងឺជាមួយ នឹងការរីករាល នៃជំងឺកូវីដនេះក្នុងពិភពលោក ។ ការប្រើប្រាស់ច្បាប់ ក្នុងគ្រាអាសន្ន មិនប្រាកដច្បាស់ថា អាចធ្វើឲ្យស្ថានភាពនោះ ថមថយទៅវិញបានទេ ។ បន្ថែមពីនោះដែលយើងឃើញចេញមាន ចំណុចសំខាន់មួយចេញ ពីការប្រើប្រាស់ច្បាប់គ្រាមានអាន្ន គឺបង្កើនឲ្យមហន្ដរាយផ្នែកសេដ្ឋកិច្ច»។

លោកបន្ដថា «ចឹងក្នុងពេលប្រឈមជាមួយវិបត្តិ សង្គមផ្នែកសុខាភាព សាធារណៈ អាយុជីវិតប្រជាជន ត្រូវបានបាត់បង់ ។ ទន្ទឹមនឹងនេះ បង្កើតបានមហន្ដរាយមួយទៀតផ្នែកសេដ្ឋកិច្ចក្នុងសង្គមបណ្ដាប្រទេសជាច្រើន។ កម្ពុជាដោយសម្លឹងមើលឃើញអំពីផលវិបាក ក្នុងការប្រើប្រាស់ច្បាប់អាគ្រាអាសន្ននោះ ដូច្នេះសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានសម្រេចថា នឹងមិនប្រើច្បាប់ក្នុងគ្រាសអាន្ន សម្រាប់បញ្ហាកូវីដនៅកម្ពុជា»។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ថែមថា រយៈពេលជាង១ឆ្នាំនេះ ការគ្រប់គ្រងជំងឺកូវីដ-១៩ កម្ពុជាទទួលបានបទពិសោធន៍ ហើយក៏ត្រូវទាមទារឲ្យច្បាប់ ដាក់ប្រទេស ក្នុងគ្រាអាសន្ន ។ លោកថា កម្ពុជាមិនប្រើច្បាប់នេះឡើយ តែកម្ពុជាត្រូវប្រើប្រាស់ បទដ្ឋានឲ្យច្បាស់លាស់ ដើម្បីគ្រប់គ្រងប្រទេស។ ជាងនេះទៅទៀត លោកក៏បានកោតសរសើរ ចំពោះប្រជាជនកម្ពុជា គ្រប់រូបដែលបានចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រីយុត្តិធម៌ បានឲ្យដឹងទៀតថា ច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត បង្កើតឡើងដើម្បីការពារអាយុ ជីវិតរបស់ ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,២២៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៦១៩នាក់ អ្នកជំងឺចំនួន៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់ ៕

To Top