ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់បុគ្គលិកអប់រំ រូបណា ដែលបាន ប៉ះពាល់ជាមួយសាធារណជនច្រើន និងមានរោគសញ្ញា ដូចជា ៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវទៅធ្វើតេស្តរកកូវីដ១៩ ឲ្យបានឆាប់ ។
តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងអបរំ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រសួងរំលឹកថា កាលពីថ្ងៃទី១៩ មីនា នាយកដ្ឋាននឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលប៉ះពាល់មនុស្សច្រើន មានហានិភ័យខ្ពស់ ដែលប្រឈម នឹងការឆ្លងជំងឺកូវីដ-១៩ ។
ក្រសួងបន្ដថា «ក្នុងករណីនេះ បុគ្គលិកអប់រំរូបណា ដែលបានប៉ះពាល់ជា មួយសាធារណជនច្រើន ព្រមទាំង កំពុងរស់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងមានរោគសញ្ញា ដូចជា ៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមទៅធ្វើតេស្តរកកូវីដ១៩ ឲ្យបានឆាប់»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៦៣២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៩៣៥នាក់ ,អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន៦៩២នាក់ និងស្លាប់ចំនួន ៣នាក់ ៕