ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកា ជាង៥៧ម៉ឺនដុល្លារ សម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា សរុបចំនួន ៥៧៤,២៣០ ដុល្លារអាមេរិក ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ នៅកម្ពុជា។

សូមជម្រាបថា អង្គភាពទទួលជំនួយ រួមមាន ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ទទួលបានថវិកា ២១៧,៨៤៥ ដុល្លារអាមេរិក សម្រាប់សំណង់ធារាសាស្ត្រ នៅក្នុងឃុំស្ទឹងត្រង់ ,មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ទទួលបានថវិកា ១៦៩,៧២០ ដុល្លារអាមេរិក សម្រាប់ការពង្រឹង ខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង នឹងទទួលបានថវិកា ១៨៦,៦៦៥ ដុល្លារអាមេរិក សម្រាប់ការក្រាលផ្លូវមួយខ្សែក្នុងស្រុករំដួល។

ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លើកឡើងថា «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ»។

ជាងនេះទៅទៀត ភាគីទាំងពាក់ព័ន្ធ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការរីករាលដាល ចូលសហគមន៍នៃវីរុសកូវីត១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top