នយោបាយ

វិភាគ: វិបត្តិនយោបាយ រុញច្រានពលរដ្ឋមីយ៉ានម៉ាអោយរត់ភៀសខ្លួននៅលើទឹកដីកំណើត និងទៅកាន់ប្រទេសជិតខាង

បច្ចុប្បន្នភាព

​ប្រព័ន្ធផ្សព្វផ្សាយ Straits Times បានចុះផ្សាយនៅថ្ងៃសៅរ៍ ទី២០ ខែមីនានេះថា វិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា កំពុងរុញច្រានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យអោយរត់ភៀសខ្លួននៅលើទឹកដីកំណើនរបស់ខ្លួនផង និងរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងផង មានប្រទេសថៃ និងឥណ្ឌាជាដើម ។

លោក K. Vanlalvena សមាជិកសភាមកពីរដ្ឋ Mizoram ប្រទេសឥណ្ឌា បាននិយាយថា កាលពីថ្ងៃសុក្រ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង១០០០នាក់ បាន​រត់ភៀសខ្លួនទៅកាន់រដ្ឋនេះ ហើយចំនួនជនភៀសខ្លួនមីយ៉ានម៉ាអាចនឹងមានបរិមាណកាន់តែច្រើនឡើងថែមទៀតនៅពេលខាងមុខ ប្រសិនបើវិបត្តិនយោបាយមិនត្រូវបានបញ្ចប់ ។

ខណៈដែលកំណើនជនភៀសខ្លួនមីយ៉ានម៉ា បានរត់ភៀសខ្លួនទៅកាន់តំបន់ព្រំដែនកាន់តែច្រើន នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា លោក Narendra Modi បានជំរុញអោយសាងសង់ជំរុំបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនមីយ៉ានម៉ា ក្នុងគោលដៅទទួលយកជនភៀសខ្លួនបន្ថែមទៀត អោយនៅក្នុងជំរុំនោះ ។

ចំណែកប្រទេសថៃវិញ ដែលជាប្រទេសជិតខាងរបស់សហភាពមីយ៉ានម៉ាក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការទទួលយកជនភៀសខ្លួនមកពីសហភាពមីយ៉ានម៉ា ខណៈដែលជនភៀសខ្លួនកាន់តែច្រើន បានធ្វើដំណើរទៅដល់តំបន់ព្រំដែនរវាងប្រទេសទាំង២ ចាប់តាំងពីវិបត្តិនយោបាយបានកើនឡើង ។

លោក Orassit Samphantharat អភិបាលខេត្ត តាក (Tak) របស់ប្រទេសថៃ បាននិយាយថា​ ជនភៀសខ្លួនមីយ៉ានម៉ាប្រមាណជាង៩០០០០នាក់ បានភៀសខ្លួនទៅរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ចាប់តាំងពីវិបត្តិនយោបាយបានកើតឡើងនៅមីយ៉ានម៉ា ប៉ុន្តែខេត្តនេះ មិនអាចទទួលជនភៀសខ្លួនទាំងអស់បានទេ គឺអាចទទួលយកជនភៀសខ្លួនមីយ៉ានម៉ាក្នុងរង្វង់ពី៣០០០០ទៅ៥០០០០នាក់ប៉ុណ្ណោះ ។

លោក Orassit Samphantharat បានបន្ថែមថា ជនភៀសខ្លួនមីយ៉ានម៉ានៅតាមព្រំដែន អាចនឹងកើនឡើងកាន់តែច្រើនថែមទៀតនៅពេលខាងមុខ ហើយជនភៀសខ្លួនទាំងនោះ កំពុងប្រឈមនឹងការឆ្លងរាលដាលវីរុសCovid-19ផង និងកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារសម្រាប់ទទួលទានប្រចាំថ្ងៃផងដែរ ជាពិសេសគឺទឹកស្អាត ។

នៅលើទឹកដីសហភាពមីយ៉ានម៉ាផ្ទាល់ ក៏កំណើននៃជនភៀសខ្លួនពីតំបន់មួយទៅតំបន់មួយទៀត កំពុងកើនឡើងផងដែរ ខណៈដែលកងកម្លាំងប្រដាប់អាវុធរបស់របបសឹក បានបើកប្រតិបត្តិការតាមចាប់មេដឹកនាំក្រុមសកម្មជន ដែលបានប្រមូលប្រជាពលរដ្ឋពីតំបន់ផ្សេងនានានៅក្នុងប្រទេសនេះ អោយទៅចូលរួមធ្វើបាតុកម្មប្រឆាំងរបបសឹក ។

ទីក្រុងយ៉ាងហ្គោន មានចំនួនប្រជាជនសរុបប្រមាណជាង៥លាននាក់ ប៉ុន្តែប្រជាជនប្រមាណជាង២លាននាក់ ក្នុងចំណោម៥លាននាក់នោះ កំពុងរស់នៅក្រោមច្បាប់អាជ្ញាសឹក ក្រោយពីរបបសឹក បានដាក់ច្បាប់អាជ្ញាសឹកនៅក្នុងសង្កាត់មួយចំនួនក្នុងទីក្រុងនេះ ដើម្បីទប់ទល់នឹងការចេញទៅធ្វើបាតុកម្មរបស់ក្រុមប្រជាបាតុករ ។

ប្រជាពលរដ្ឋនៅទីក្រុងយ៉ាងហ្គោនភាគច្រើនបាននិយាយថា នៅពេលថ្ងៃ ក្រុមបាតុករបានចេញទៅធ្វើបាតុកម្ម និងបានប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកជាមួយនឹងកងកម្លាំងប្រដាប់អាវុធនៅក្នុងទឹក្រុងនេះ ហើយនៅពេលយប់ ប្រជាពលរដ្ឋភាគច្រើនមិនបានសម្រាកទេ ដោយសារកងកម្លាំងប្រដាប់អាវុធ បានបើកប្រតិបត្តិការចាប់ខ្លួនប្រជាពលរដ្ឋ និងវាយដំយ៉ាងចាស់ដៃ ។

នៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅទូទាំងសហភាពមីយ៉ានម៉ា ជាពិសេសគឺពលរដ្ឋនៅទីក្រុងយ៉ាងហ្គោន បានរត់ភៀសខ្លួនទៅកាន់ទីជនបទដោយមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនផង និងដោយរថយន្តឈ្នួលផង ក្នុងគោលដៅគេចចេញពីអំពើហិង្សា និងគេចចេញពីការចាប់ខ្លួនពីសំណាក់កងកម្លាំងយោធារបស់របបសឹក ។

សូមបញ្ជាក់ជូនថា វិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា បានកើតឡើងចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីកងកម្លាំងយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងការផ្ទុះចេញជាក្បួនបាតុកម្មប្រឆាំងរដ្ឋប្រហារនោះ ។  

ដើមចមនាំអោយកើតរឿង

ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា ដើមចមដែលនាំអោយប្រជាពលរដ្ឋរបស់សហភាពមីយ៉ានម៉ារត់ភៀសខ្លួន គឺដោយសារកងកម្លាំងប្រដាប់អាវុធរបស់របបសឹក បានវាយបង្ក្រាបក្រុមបាតុករកាន់តែខ្លាំង និងបើកប្រតិបត្តិការតាមចាប់ខ្លួនក្រុមសកម្មជនចូលរួមធ្វើបាតុកម្មកាន់តែច្រើនថែមទៀត ។

នៅថ្ងៃសៅរ៍ ទី២០ ខែមីនានេះ កងកម្លាំងប្រដាប់អាវុធរបស់របបសឹកមីយ៉ានម៉ា បានបាញ់សម្លាប់យុវជនម្នាក់ម្នាក់ទៀតក្នុងក្បួនបាតុកម្មនៅទីក្រុងយ៉ាងហ្គោន ដែលនាំអោយចំនួនមនុស្សស្លាប់សរុបក្នុងអំពើហិង្សានៅសហភាពមីយ៉ានម៉ា បានកើនឡើងដល់ចំនួន២៣៨នាក់ហើយ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងនៅក្នុងប្រទេសនេះ ។

ក្នុងរយៈពេលជាមួយគ្នានេះដែរ កងកម្លាំងប្រដាប់អាវុធរបស់របបសឹក បានចាប់ខ្លួនក្រុមបាតុករប្រមាណជាង២២០០នាក់ និងបើកប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យបន្តទៀត ដោយចោទប្រកាន់ពីបទញុះញង់ប្រជាពលរដ្ឋអោយចេញធ្វើបាតុកម្ម និងញុះញង់អោយមានអសន្តិសុខនៅក្នុងប្រទេសនេះ ៕

អ៊ី ជិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top