ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន ចាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ។
ក្នុងឱកាសចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ មីនា នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកញ្ជូន បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នឹងរកពេលវេលាសមស្របណាមួយ ដើម្បីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ចឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានឯកភាពឲ្យបើកស្ពាននេះ ជូនបងប្អូនប្រើប្រាស់ជាបណ្ដោះអាសន្ន ពីថ្ងៃនេះតទៅ (ថ្ងៃទី២៣ មីនា) ។ ចឹងសូមអបអរសាទរ និងសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅជូនទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានឯកភាពឲ្យបើកស្ពាននេះ ជូនបងប្អូន ប្រជាពលរដ្ឋយើងប្រើប្រាស់ ចាប់ពេលនេះតទៅ ជាបណ្ដោះអាសន្ន»។
លោកថា ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មានគុណភាពយ៉ាងល្អ ហើយសាងសង់មុនការ គ្រោងទុក។ លោកថា សារឡាងឆ្លងពីស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្វែលទៅខេត្តកំពង់ឆ្នាំងវិញ ដើម្បីឆ្លងពីទី រួមខេត្ត ទៅស្រុកកំពង់លែង។
លោករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ទៀតថា «រង់ចាំពេលវេលាសមស្របដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននឹងអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពាននេះ (ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ) នឹងបើកការដ្ឋានសាងសង់ផ្លូវ៧១C ដែលតភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ទៅចំ នឹងផ្លូវជាតិលេខ៧ របស់យើង»។
សូមរំលឹកថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណាយថវិកាចំនួន៥៦,៩៩៨ លានដុល្លារ ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ។
ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើ របស់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គឲ្យបានងាយស្រួល និងឆាប់រហ័ស ៕