ភ្នំពេញ៖ សាលាខេត្តសៀមរាប តាមរយៈលោកមេធាវី អ៊ុន ច័ន្ទថុល ជាសមាជិកគណៈមេធាវី នៃកម្ពុជា និងជាតំណាង ដោយអាណត្តិ ឲ្យសាលាខេត្តសៀមរាប បានសម្រេចដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ចំនួន៣បទល្មើស រួមមាន ៖ ពីបទញុះញង់ ឲ្យមានការរើសអើង , បទអំពើញុះញង់ ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងបទប្រមាថ ចំពោះអ្នករាជការសាធារណៈ ។
ពាក្យបណ្តឹងរបស់ សាលាខេត្តសៀមរាប ត្រូវបានលោកមេធាវី អ៊ុន ច័ន្ទថុល ដាក់ទៅអយ្យការ អមសាលាដំបូង ខេត្តសៀមរាប រួចរាល់ហើយ កាលពីថ្ងៃទី២៣ មីនា។
ក្នុងពាក្យបណ្តឹង របស់សាលាខេត្តសៀមរាប នាពេលថ្មីៗនេះ បានបញ្ជាក់ថា «ប្តឹងឈ្មោះ ផែង វណ្ណៈ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ពីបទ ញុះញង់ឲ្យមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៦ ,បទអំពើញុះញង់ ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន បញ្ញាត្តិមាត្រា៤៩៧ និងបទប្រមាថ ចំពោះអ្នករាជការសាធារណៈ បញ្ញត្តិមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតឡើង កាលពីអំឡុងថ្ងៃទី១៤ ១៥ និង ១៦ ខែមីនា ឆ្នាំ២០២១»។
សូមជម្រាបថា ក្រោយពីការបែកធ្លាយនូវ វីដេអូតាមបណ្ដាសង្គមហ្វេសប៊ុក អំពីអង្គហេតុកាលពីថ្ងៃទី១៣ មីនា គឺព្រះមហាវិមលធម្ម ពិន សែម បានអនុវត្តករណីដាក់ទណ្ឌកម្មចំពោះភិក្ខុ សាមណេរក្រោមឱវាទ ដោយអនុវត្ត នូវវិន័យវាយប្រដៅ ដោយរំពាត់ផ្ដៅ បានធ្វើឲ្យមានការរិះគន់ ពីពុទ្ធបរិស័ទ និងមហាជនទូទៅអំពីករណី ការអប់រំទូន្មានប្រៀនប្រដៅ ក្នុងគោលបំណង អប់រំកែប្រែអត្តចរិត ចចេស រឹងរូស មានៈរបស់ភិក្ខុសាមណេរ ដែលបានប្រព្រឹត្តខុស ហើយមិនព្រមអនុវត្តតាម ហើយនៅតែបន្ដធ្វើទង្វើ ខុសឆ្គងជាដដែលៗ ។
ដូចនេះ ការវាយប្រដៅរំពាត់ផ្ដៅ ទៅលើសាមណេរ ៣អង្គនោះ គឺជាការវាយប្រដៅ ក្នុងគោលបំណង អប់រំទូន្មាន ប្រៀនប្រដៅឲ្យបុគ្គលនោះ ក្លាយជាមនុស្សល្អ ដោយក្ដីស្រលាញ និងក្ដីអាណិតអាសូរតែប៉ុណ្ណោះ ពុំមានបំណងស្អប់ខ្ពើម ឬគុំគួន ឬធ្វើទារុណកម្មនោះឡើយ។
បន្ទាប់មកទៀត លោក ផែង វណ្ណៈ បាននិយាយរិះគន់ ដល់សមាសភាពអ្នកចូលរួម ធ្វើកំណត់ហេតុសម្របសម្រួល ករណីហិង្សា បានកើតឡើងរវាង ព្រះសង្ឃ និងព្រះសង្ឃក្នុងវត្តរាជបូណ៍ ដោយប្រើពាក្យអសុរោះ មិនគួរគប្បី និងពាក្យប្រមាថ ចំពោះអ្នករាជការសាធារណ ដោយនិយាយថា «ដល់ថ្នាក់ចៅហ្វាយខេត្តរង ដល់ថ្នាក់ស្នងការរង ទៅសន្និដ្ឋានរឿងក្រឡិបអីចឹង។ ប៉ុន្តែបែរជានាំគ្នាទៅសន្និដ្ឋាន ទាំងល្ងីល្ងឺពកថ្ងាស ច្រាសបាយរាជការ ប៉ុន្តែទៅសន្និដ្ឋាន ទាំងល្ងីល្ងឺពកថ្ងាស សុទ្ធតែមិនមែនករណីហិង្សា មិនមែនធ្វើទារុណកម្ម តើជាករណីស្អី បើសិនជាអីចឹងមែន ច្បាប់នៅសៀមរាប គេមានធ្វើអីចឹងមែន ស្អែក ខានស្អែក ខ្ញុំឡើងទៅសុំវាយក្បាលមនុស្ស បួនដប់នាក់នោះថា ខ្ញុំអប់រំ កុំចាប់ខ្ញុំ ទៅវាយក្បាល ពួកអ្នកគណៈកម្មការនោះ មានទាំងមន្រ្តីប៉ុន្មានហ្នឹង ទៅដាក់ក្បាលម្នាក់មួយរំពាត់ៗ កុំចាប់ខ្ញុំ ព្រោះខ្ញុំគ្រាន់តែអប់រំថា កុំឲ្យធ្វើអីចឹងថ្ងៃក្រោយ ។ កុំចាប់ខ្ញុំ ខ្ញុំព្រះរាជអាជ្ញាទៅ ខ្ញុំវាយផ្តៅដូចគ្នា ខ្ញុំទៅវាយមន្រ្តីទាំងអស់ហ្នឹង ថាខ្ញុំរាស្រ្តម្ចាស់ឆ្នោត ខ្ញុំអត់ពេញចិត្តនឹងទង្វើ របស់អ្នកឯង អីចឹងខ្ញុំសុំយកផ្តៅហ្នឹង ទៅដាក់អ្នកឯងបួនដប់ផ្តៅ អាហ្នឹងវាជាវិន័យរបស់រាស្រ្ត មកសន្និដ្ឋានបង្រ្គប់កិច្ច ចេះតែមានម៉ង វាហួសហេតុ…»៕