នយោបាយ

តែងតាំងលោក Vitit Muntarbhorn ជនជាតិថៃ ជាអ្នករាយការណ៍ពិសេស របស់UN ផ្នែកសិទ្ធិមនុស្សកម្ពុជា ជំនួសលោកស្រី រ៉ូណា ស្មីត

ភ្នំពេញ ៖ លោក Vitit Muntarbhorn ជនជាតិថៃ ដែលជាសាស្រ្តាចារ្យ មហាវិទ្យាល័យ នៅអាស៊ីអាគ្នេយ៍ ត្រូវបានតែងតាំង ជាអ្នករាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិ (UN) ទី៧ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បន្ទាប់ពីលោកស្រី Rhona Smith ។

លោក Vitit Muntarbhorn ជាមេធាវីអន្តរជាតិ មានបទពិសោធន៍ខ្ពស់មួយរូប និងជាអតីត អ្នករាយ ការណ៍ពិសេស អ.ស.ប និងជាសាស្ត្រាចារ្យ មហាវិទ្យាល័យ នៅអាស៊ីអាគ្នេយ៍ លោកនឹងចូលកាន់តំណែងនេះ នាថ្ងៃ១ ឧសភាខាងមុខ ។

បើតាមការផ្សាយបណ្តាញ សង្គមហ្វេសប៊ុក របស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង យុត្តិធម៌នាថ្ងៃ២៥ មីនា កម្ពុជាស្វាគមន៍ ហើយសង្ឃឹមរំពឹងទុក ៣ចំណុច ពីអ្នករាយការណ៍ពិសេសថ្មីនេះ ក្នុងកិច្ចសហការលើកស្ទួយ សិទ្ធិមនុស្សនៅកម្ពុជា ៖

១. អាចធ្វើកិច្ចសហការ បានប្រកបដោយភាពស្មោះត្រង់ ជាមួយគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ នៅកម្ពុជា រួមមាន រដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ព្រមទាំងក្រុមមាននិន្នាការ ប្រឆាំងផងដែរ ។

២. ធ្វើការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ ពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យ ជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើទិដ្ឋភាព បច្ចេកទេសនៃសិទ្ធិ ស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈ និងនិន្នាការនយោបាយផ្ទាល់ខ្លួន ។

៣. អនុវត្តបានត្រឹមត្រូវ នូវតួនាទីភារកិច្ចរបស់ខ្លួន ដែលតម្រូវដោយអណត្តិ នៃអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់ នូវគោលការណ៍ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស អព្យាក្រឹត្យភាព ផ្នែកនយោបាយ ការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាព របស់រដ្ឋ និងការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យ ។

ចំណែក លោកស្រី រ៉ូណា ស្មីត តាមរយៈផេក Speceail Reporteur Cambodia នាថ្ងៃ២៥ មីនា លោកស្រីបានសម្តែងការអបអរសាទរ ដល់សាស្រ្តាចារ្យ Vitit Muntarbhorn ។

លោកស្រីថា “លោកសាស្ត្រាចារ្យ នឹងចាប់ផ្តើមបម្រើតួនាទី របស់លោក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២១ ។ ខ្ញុំមានកិត្តិយស ដែលបានជួបលោក ជាច្រើនលើក ជាច្រើនឆ្នាំកន្លងមកនេះ ហើយយើងនឹងពិភាក្សា អំពីការប្រគល់អាណត្តិ នៅប៉ុន្មានសប្តាហ៍ខាងមុខ ។ លោកគឺជាមេធាវីអន្តរជាតិ ដែលមាន បទពិសោធន៍ខ្ពស់មួយរូប និងជាអតីត អ្នករាយការណ៍ពិសេស អ.ស.ប និងជាសាស្ត្រាចារ្យ មហាវិទ្យាល័យ នៅអាស៊ីអាគ្នេយ៍” ។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក លោកស្រី រ៉ូណា ស្មីត បានប្រកាសខ្លួនឯងថា បានបញ្ចប់ជាអ្នករាយ ការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (UN) ស្តីពីសិទ្ធិមនុស្ស នៅកម្ពុជាហើយ ។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ជាសាស្ត្រាចារ្យ ជនជាតិអង់គ្លេស ផ្នែកច្បាប់អន្តរជាតិ ។ លោកស្រី ត្រូវបានតែងតាំង ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើល ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៥ ៕

To Top