ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ឈ្មោះ ស៊ីណូវ៉ាក់ (Sinovac) ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ដោយបានចំណាយ ថវិកា១៥លានដុល្លារ បានមកដល់ព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញហើយ។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ពីប្រទេសចិននេះ ដើម្បីបង្កើនការចាក់ ជូនប្រជាពលរដ្ឋ ក្នុងបេសកកម្មប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។
ក្នុងពិធីទទួល និងប្រគល់ ស៊ីណូវ៉ាក់ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៥ មីនា នេះ ក្រោមអធិតីភាព លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈភាគីចិន តំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសពិធីទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១.៥លានដូស អស់ថវិកា ចំនួន១៥លានដុល្លារ។
លោកស្រីបន្ដថា វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយមានប្រសិទ្ធភាពការពារចន្លោះ ពី៧០ ទៅ៨០% ។ ចំណែកអាយុកាលវ៉ាក់សាំងនេះ មានរយៈពេល៣៦ខែ៕