នយោបាយ

អតីតយុវជនអតីត គណបក្សសង្រ្គោះជាតិ ៖ លោកអេង ឆៃអ៊ាង បង្កើតកំហុសយុទ្ធសាស្រ្ត

ភ្នំពេញ ៖ “កំហុសយុទ្ធសាស្រ្ត”ដែលលោក យឹម ស៊ីណន អតីតយុវជនម្នាក់របស់អតីតគណបក្សសង្រ្គោះជាតិមានសកម្មភាពខ្លាំងក្លាប្រចាំនៅកូរ៉េខាងត្បូងបានលើកឡើងនោះគឺសំដៅថាឲ្យលោក អេង ឆៃអ៊ាង ។

លោក អេង ឆៃអ៊ាង គឺជាអ្នកដាក់ចេញយុទ្ធសាស្រ្ត ”ដេកផ្ទះឈ្នះឯង” ក្នុងគោលបំណងរាំងស្ទះការបោះឆ្នោតជាតិឆ្នាំ២០១៨ និងយុទ្ធសាស្រ្តមួយទៀតគឺ “ប្រឆាំងការចាក់វ៉ាក់សាំង” ប៉ុន្តែបើតាមលោក យឹម ស៊ីណន បានហៅការរៀបចំយុទ្ធសាស្រ្ត គឺខុសផ្ទុះស្រឡះ ពីការចង់បានរបស់លោកអេង ឆៃអ៊ាង។

លោក យឹម ស៊ីណន បានលើកឡើងក្នុងហ្វេសប៊ុកថា អ្នកចេះរៀបចំក្បួនយុទ្ធសាស្រ្ត សុទ្ធសឹងជាមនុស្សមាន ភាពវៃឆ្លាតខាងគំនិត។ ប៉ុន្តែបើទោះបីក្បួនយុទ្ធសាស្រ្តល្អយ៉ាងណាក៏ដោយ បើប្រើប្រាស់ខុសកាលៈទេសៈ នោះផលដែលទទួលបាន គឺការបរាជ័យ។ ឧទាហរណ៍ ដូចយុទ្ធសាស្រ្ត ”ដេកផ្ទះឈ្នះឯង”អីចឹង បើសិនជារៀបចំដាក់ឲ្យអនុវត្ត នៅក្នុងកាលៈទេសៈ ការរីករាលដាលនៃជំងឺកូវីដនោះ ច្បាស់ជាបានទទួលផលជោគជ័យ មិនតិចទេលើការប្រឆាំង ជំងឺដ៏កាចសាហាវនេះ។

លោកថា ប៉ុន្តែជាកុសលបំផុត ដែលលោក អេង ឆៃអ៊ាង ដាក់ចេញយុទ្ធសាស្រ្ត ”ដេកផ្ទះឈ្នះឯង”នេះ ជួយឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ដំណើរការទៅយ៉ាងរលូន ដោយគ្មាន ការប្រឆាំងតវ៉ា ឡូឡា ណាមួយ បង្ហាញពីភាពអយុត្តិធម៌ ពីម្ចាស់ឆ្នោត ដែលគ្មានបក្សខ្លួនចូលរួមប្រកួត។ ចុងក្រោយផលដែលទទួលបាន ពីយុទ្ធសាស្រ្តនេះ គឺសម្តេចតេជោ ហ៊ុន សែន ឈ្នះកៅអីសភាទាំងអស់ ដោយមិនបាច់ឈឺក្បាល ទប់ទល់ការដង្ហែក្បួន តវ៉ាប្រឆាំងការបោះឆ្នោតដូច២០១៣ ។

លោកបន្តទៀតថា អ្វីដែលចំឡែកថែមទៀតនោះ ខណៈពិភពលោកកំពុងជួបគ្រោះនៃជំងឺកូវីដ១៩ គ្រប់មេដឹកនាំលើលោកដាក់ចេញវិធានការ ឬយុទ្ធសាស្រ្ត “នៅផ្ទះឈ្នះកូវីដ” ដើម្បីការបន្ថយការធ្វើចរាចរណ៍ របស់ពលរដ្ឋប្រយោជន៍ មិនឲ្យឆ្លងច្រើន។ បែរជាលោក អេង ឆៃអ៊ាង ដាក់ចេញយុទ្ធសាស្រ្ត ចំឡែកមួយទៀតគឺ “ប្រឆាំងការចាក់វ៉ាក់សាំង” នាំគ្នីគ្នាឡាយជម្រុញ ឲ្យពលរដ្ឋចេញក្រៅផ្ទះ ធ្វើសកម្មភាពប្រឆាំង ការចាក់វ៉ាក់សាំង ហើយផលដែលទទួលបាន ពីយុទ្ធសាស្រ្តចំឡែកនេះគឺ អ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន ត្រូវបានជាប់គុក និងការចាប់ខ្លួនយកទៅអប់រំជាដើម។

លោក យឹម ស៊ីណន បានធ្វើការសរុបសេចក្តីថា បើមេដឹកនាំយុទ្ធសាស្រ្តវៃឆ្លាតយ៉ាងណាក៏ដោយ បើប្រើយុទ្ធសាស្រ្តចំឡែកហើយ នោះផលដែលទទួលបានមកវិញ ក៏ចំឡែកខុសពីគេ ទៅតាមនោះដែរ។

លោកបានផ្តល់យោបល់ ផ្ទាល់ខ្លួនថា “ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាត្រូវការការលើកទឹកចិត្ត និងការជួយរកវិធីសាស្រ្ត ដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវនេះ ក្នុងនាមបក្សប្រឆាំងយើងមិនអាចគិតតែប្រឆាំងមួយមុខនោះទេ ពេលខ្លះយើងក៏អាចសហការចូលរួមជាមួយបក្សកាន់អំណាច ដើម្បីជួយដល់ពលរដ្ឋខ្លួនផងដែរ។ ហើយការរិះគន់ ឬវាយប្រហារណាមួយ ដែលមិនបានភ្ជាប់ជាមួយ ទៅវិធីសាស្រ្តដោះស្រាយនោះ វាក៏គ្មានតម្លៃទេសំរាប់អ្នកប្រឆាំង។ ចូរក្រឡេកមើលទៅមេដឹកនាំប្រទេសថៃក្បែររបងផ្ទះយើងផង កាលពីប៉ុន្មានឆ្នាំមុន មេបក្សប្រឆាំង អាភីស៊ីត និងយីងឡាក់ជានាយករដ្ឋមន្រ្តីថៃ នាសម័យនោះ គេចេះរួមដៃគ្នាទប់ទល់នឹងគ្រោះទឹកជំនន់ដែរតើ។ ដូច្នេះនាមជាបក្សប្រឆាំង មិនអាចដេកចាំតែប្រឆាំងនោះទេ វាតម្រូវឲ្យមានពេលខ្លះ ឬចំណុចបញ្ហាខ្លះរួមគ្នា គ្រប់ភាគីដោះស្រាយ ដើម្បីប្រយោជន៍រួមដែរ” ៕

To Top