ភ្នំពេញ៖ ដោយសង្កេតឃើញ រយៈពេលពីរថ្ងៃនេះ អ្នកជំងឺកូវីដ១៩ លើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ និង Great Duckនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជាបានបញ្ជាឲ្យភាគីពាក់ព័ន្ធរៀបចំ អគារពិព័រណ៍កោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។
បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់អគារពិព័រណ៍ និងអគាររៀបចំការនៅកោះពេជ្រ សម្រាប់ធ្វើជាកន្លែងព្យាបាល អ្នកជំងឺកូវីដកូវីដ១៩។
ក្នុងឱកាសថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាឱ្យកងទ័ព ចេញជួយរៀបចំអគារនៅកោះពេជ្រសម្រាប់ព្យាបាលអ្នកជំងឺ ហើយក្រសួងសុខាភិបាល ចាត់ចែងរៀបចំគ្រែ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅគ្រប់ខេត្ត ឱ្យពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តបានលឿន។ ហើយខេត្តនីមួយៗក៏ត្រូវត្រៀមបម្រុង គ្រែពេទ្យយ៉ាងតិច ៥០គ្រែផងដែរ ៕