Covid-19

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទ តូបជាង៣០ ក្នុងផ្សារលើ ក្រោយរកឃើញ អាជីវករ២នាក់ ឆ្លងកូវីដ១៩

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទបណ្ដោះអាសន្ន តូបចំនួន៣៦ ក្នុងផ្សារលើ ក្រោយរកឃើញ អាជីវករ២នាក់ ឆ្លងកូវីដ១៩។

នៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ លោក គួច ចំរើន បានមានប្រសាសន៍ បើកកិច្ចប្រជុំដោយបាន លើកឡើងអំពីករណី នៃការរកឃើញអាជីវករ លក់គ្រឿងសមុទ្រ នៅផ្សារលើចំនួន០២នាក់ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ដូច្នេះយើងត្រូវផ្អាក ជាបណ្តោះអាសន្ន នូវតូបលក់ដូរចំនួនចំនួន៣៦តូប នៅក្បែរនោះ ដោយមិនបិទផ្សារទាំងមូលនោះឡើយ និងត្រូវស្រង់ស្ថិតិអ្នក ដែលមានការពាក់ព័ន្ធ ជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដើម្បីយកសំណាក។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត បានដាក់ចេញនូវវិធានការ និងគោលការណ៍ណែនាំដូចខាងក្រោម៖

-កំណត់បែងចែកផ្សារ លើជា០៥ប្លុកធំៗដើម្បីធ្វើការគ្រប់គ្រង និងដាក់គោលដៅ ត្រួតពិនិត្យចំនួន១៦ គោលដៅ
-ហ៊ុព័ទ្ធទីតាំងតូបលក់ដូរ ទាំង៣៦តូប ដែលមានការពាក់ព័ន្ធ ជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដោយកំណត់ជាតំបន់ចត្តាឡីស័ក
-ដាក់ស្លាក«ទីនេះធ្លាប់មាន អ្នកវិជ្ជមានជំងឺកូវីដ-១៩» នៅតាមច្រកគោលដៅ ត្រួតពិនិត្យទាំង១៦ គោលដៅ
-រៀបចំសណ្តាប់ធ្នាក់ របៀបរៀបរយ នៅជុំវិញផ្សារលើ
-បញ្ជូនក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតផ្សារលើទាំងមូល

-ដាក់ទូរបាញ់អាល់កុលសម្លាប់មេរោគ នៅច្រកចេញចូលធំៗ ចំនួន០៤ នៅក្នុងផ្សារលើ
-ពន្យល់ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋ ដែលចេញចូលផ្សារ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាកុល ជែលគ្រប់ពេល
-ត្រូវចងខ្សែគម្លាតសុវត្ថិភាព នៅតាមតូបលក់ដូរ ដោយហាមដាច់ខាតអ្នកលក់ និងអ្នកទិញមិនត្រូវប៉ះពាល់គ្នា ដោយផ្ទាល់នោះឡើយ ហើយសកម្មភាព នៃការលក់ដូរ នៅពេលប្រគល់ទទួលទំនិញ និងលុយ ត្រូវទុកដាក់នៅលើតុ ចំពាក់កណ្តាលនៃ ខ្សែបន្ទាត់សុវត្ថិភាព ដោយបាញ់អាកុលជាមុនសិន មុនពេលទទួលយក

-សូមលើកទឹកចិត្តក្នុងការប្រើប្រាស់ ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ ដើម្បីកាត់បន្ថយការប្រើប្រាស់លុយសុទ្ធ ដែលជាហានិភ័យក្នុងការចម្លងជំងឺកូវីដ-១៩
-ពន្យល់ដល់អាជីវករ ត្រូវចូលរួម អនុវត្តតាមការណែនាំ ដើម្បីរក្សាផលរបររបស់បងប្អូន ជាជាងការបិទផ្សារទាំងមូល (ស៊ូលំបាកបន្តិច ប្រសើរជាងលំបាកធ្ងន់ធ្ងរ)។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការណ៍នានា របស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

To Top