ភ្នំពេញ ៖ ត្រីមាសទី១ ឆ្នាំ២០១ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ដែលខមមិន និងសារក្នុងគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង បានបញ្ជូនទៅបណ្ដាអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយ ចំនួន៤៩២ករណី និងកំពុងដោះស្រាយ ចំនួន៤២២ករណី។ នេះបើយោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ។

ក្នុងករណីនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសរសេរលើបណ្ដាញសង្គ មហ្វេសប៊ុក នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ថា «នៅថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវលទ្ធផលការងាររបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងត្រីមាសទី១ ឆ្នាំ២០២១»។

សម្ដេចក្រឡាហោម បន្ដថា ជាលទ្ធផលដូចបានបញ្ជាក់ក្នុងរបាយការណ៍ បានបង្ហាញពីការខិតខំប្រឹងប្រែង និងកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយ និង ឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ សម្ដេច។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ ព្រមទាំងលើកទឹកចិត្ត ចំពោះជនរួមជាតិទាំងអស់ ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុក របស់សម្ដេចដើម្បីរួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិបន្តទៀត៕

