ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ បានធ្វើការណែនាំសម្រាប់ការប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវា សុខាភិបាលឯកជន ស្របច្បាប់ បានរៀបចំឡើងស្របតាមយុទ្ធសាស្រ្តនៃការធ្វើតេស្ត ឆ្លើយតបទៅនឹង ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
ក្នុងសេចក្ដីណែនាំ ចំនួន១៣ទំព័រ របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ការរកឃើញករណជំងឺកូវីដ-១៩ បានលឿន ជួយកាត់បន្ថយប្រភពចម្លង និងការចម្លងបន្តពី បុគ្គលម្នាក់ទៅបុគ្គលម្នាក់ឬក្រុមមនុស្សដទៃទៀត។ លើសពីនេះការប្រើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ រួមផ្សំជាមួយការអនុវត្តវិធានការត្រួតពិនិត្យការចម្លងរោគបានត្រឹមត្រូវនៅក្នុងមន្ទីរពេទ្យ ឬសេវាព្យាបាលឯកជន អាចធ្វើឱ្យមានការញែកអ្នកជំងឺកូវីដ-១៩ បានឆាប់រហ័ស»។
លោក ក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានខិតខំរៀបចំ នូវគោលការណ៍ណែនាំដ៏មានសារៈសំខាន់នេះក្នុងកាលៈទេសៈដែលកំពុងមានការរីករាលដាលយ៉ាងខ្លាំងក្ល នៃជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏ស្នើឱ្យបុគ្គលិកសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អនុវត្តតាមគោលការណ៍ណែនាំនេះ រួមផ្សំជាមួយនីតិវិធីប្រតិបត្តិនៃការធ្វើតេស្តឱ្យបានត្រឹមត្រូវ និងគោលការណ៍ណែនាំ ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ សម្រាប់មូលដ្ឋានព្យាបាល និងថែទាំសុខភាព (Infection and Prevention Control Guidelines) របស់ក្រសួងសុខាភិបាល ដើម្បីទទួលពិនិត្យព្យាបាលអ្នកជំងឺទូទៅដែលមកទទួល សេវាព្យាបាលក្នុងសេវាព្យាបាលឯកជនទាំងអស់ដោយគ្មានការរើសអើង និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ គ្រូពេទ្យឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកធានានិរន្តរភាពការផ្តល់សេវាថែទាំព្យាបាលជំងឺ ដើម្បីកាត់ បន្ថយផលប៉ះពាល់ដល់សុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច៕















