ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមបានសម្ដែង ការស្វាគមន៍ចំពោះរាជរដ្ឋាភិបាល ដែលបង្កើតតូបលក់ដូរគ្រឿងបរិភោគ (ស្បៀង) នៅតំបន់បិទខ្ទប់ដោយសារកូវីដ-១៩ តែនៅចាំបាច់ត្រូវមានយន្តការ មនុស្សធម៌ផ្គត់ផ្គង់ស្បៀង ដល់អ្នកអត់លុយទិញ ព្រោះសង្គមរៀបចំល្អ គ្រប់គ្រងល្អរៀបចំយន្តការផ្គត់ផ្គង់ និងចែកចាយគ្រឿងបរិភោគ (ស្បៀង) និងគ្រឿងឧបភោគ (របស់របរ) ដែលចាំបាច់បំផុតសម្រាប់ ឲ្យមនុស្សរស់រានមានជីវិតបានត្រៀមទុក ជាស្រេចសម្រាប់គ្រាដែលសង្គមនោះ មានអាសន្នហើយយន្តការទីផ្សារ មិនអាចមានដំណើរការធម្មតាបាន ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ មេសានេះលោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមបានលើកឡើងថាបន្ថែមថា “យន្តការដែលល្អមានលក្ខណ:មនុស្សធម៌ ដែលរដ្ឋបង្កើតឡើងនិងគ្រប់គ្រង ឬក៏សប្បុរសជនបង្កើតឡើង ហើយរដ្ឋជាអ្នកប្រទាក់ប្រទង ។ សម្រាប់អ្នកមានលុយទិញ យើងត្រូវស្វាគមយន្តការផ្គត់ផ្គង់ និងចែកចាយលក្ខណ:ទីផ្សារ ដែលមានជាតូបលក់ដូរស្បៀង របស់ក្រសួងពាណិជ្ជកម្ម បើយន្តការនេះមានប្រសិទ្ធិភាព យ៉ាងហោចស្មើនឹងយន្តការទីផ្សារ តម្លៃស្មើឬទាបជាង ចំនួនប្រភេទនិងគុណភាពស្បៀងស្មើ ឬច្រើនជាង នៅជិតអ្នកទិញជាង ហើយអត់មានចំណាយលុយពន្ធរដ្ឋ។ យន្តការរដ្ឋដែលអាចសហការ ជាមួយកងទ័ពដែលបានចាក់វ៉ាក់សាំង ដើម្បីពង្រីកបើបាំបាច់។ តែយើងនៅតែចាំបាច់ត្រូវមាន យន្តការមនុស្សធម៌ ដែលផ្គត់ផ្គង់ស្បៀងភ្លាមៗ ដល់អ្នកដែលអត់លុយទិញស្បៀង នៅតូបលក់ដូររបស់ក្រសួងពាពិណ្ជកម្ម ឬតាមយន្តការទីផ្សារធម្មតាបាន” ៕