ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់ នៅតំបន់ក្រហម នឹងចាប់អនុវត្តពីថ្ងៃទី១-៣០ ខែឧសភា ឆ្នាំ២០២១ដែលរៀបចំ ដោយក្រសួងការពារជាតិ ។ នេះបើយោងតាមការ ចេញផ្សាយរបស់ ទទក នៅថ្ងៃ៣៩ មេសា ។
ក្នុងនោះដើម្បីឲ្យយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហម នាពេលខាងមុខទទួល បានជោគជ័យ តាមការគ្រោងទុក លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានស្នើសុំការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣ចំណុចសំខាន់ៗ។
៣ចំណុចនោះរួមមាន៖
១- អាជ្ញាធរខណ្ឌនីមួយៗ ត្រូវស្រង់តួលេខជាក់លាក់ ចំនួនប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋាន
២- អាជ្ញាធរខណ្ឌនីមួយៗ ត្រូវអំពាវនាវឲ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំង តាមទីតាំងកំណត់
៣- ត្រូវមានកិច្ចសហការ ជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឲ្យកម្មករ ក្នុងខណ្ឌទាំង៤ មកទទួលវ៉ាក់សាំង តាមទីតាំងកំណត់។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដើម្បីទប់ស្កាត់កុំឲ្យ មានការឆ្លងជំងឺកូវីដ១៩ ៕