នយោបាយ

ប្រធាន UNESCAP ផ្ញើសារ ថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP បានផ្ញើសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ប្រកបដោយការ វាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចូលរួមថ្លែង សុន្ទរកថាពិសេស ក្នុងសន្និបាតប្រចាំ ឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ។

តាមរយៈសារលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន លោកស្រីបញ្ជាក់ថា សុន្ទរកថាពិសេស តាមរយៈសារជាវីដេអូរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅក្នុងកម្មវិធីបើកសន្និបាត ពិតជាបានកំណត់នូវត្រីវិស័យដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេងក្នុងការធ្វើឲ្យកិច្ចប្រជុំលើកទី៧៧ របស់ UN ESCAP ទទួលបានលទ្ធផលជោគជ័យ ។

ទោះបីជាស្ថានការណ៍នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ដែលតម្រូវឲ្យយើងធ្វើការប្រជុំ តាមរយៈប្រព័ន្ធវីដេអូក៏ដោយ អង្គសន្និបាតបានដំណើរការទៅយ៉ាងល្អ និងបានអនុម័ត លើសេចក្តីសម្រេចមួយ ស្តីពី “ការស្តារឡើងវិញ ក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងលើកកម្ពស់ភាពធន់និងរឹងមាំ របស់បណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនា ពេលអនាគត ។ ការសម្រេចចិត្តរបស់អង្គសន្និបាតទាំងមូល ក៏ជាមូលដ្ឋានដ៏រឹងមាំមួយទៀត ក្នុងការឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ននៅក្នុងតំបន់ ។

លោកស្រី រង់ចាំស្វាគមន៍ដោយក្តីរីករាយ ចំពោះការចូលរួមដ៏ឧត្តុងឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅក្នុងសន្និបាតនាពេលអនាគត ហើយនិងបន្តធ្វើការងារយ៉ាងជិតស្និតជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top