ព័ត៌មានជាតិ

កម្ពុជា កំពុងធ្វើការជាមួយប្រទេសជិតខាង រិះរកវិធីបើកច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ (Video)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីបើក ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើក ច្រកទ្វារព្រំដែន ព្រៃវល្លិ៍-ព្រែកចាក សម្រួលដល់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធាណការ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា កិច្ចប្រជុំសម្របសម្រួលការ ដឹកជញ្ជូនអាស៊ានលើកទី៤០ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាពេលថ្មីៗនេះ កម្ពុជា និងប្រទេសជាសមាជិកអាស៊ាន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូនក្នុងតំបន់ ខណៈ ពេលវិស័យនេះកំពុងទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការរាតត្បាតនៃជំងឺកូវីដ-១៩។

បច្ចុប្បន្ននេះសមាជិកអាស៊ានទាំងអស់ កំពុងពិភាក្សារកវិធីសម្របសម្រួល ការដឹកជញ្ជូនឱ្យមានភាព ប្រសើរឡើង ដោយក្នុងនោះមានកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានចំនួន៤ បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយសារតែបញ្ហា នៃការរាតត្បាតជំងឺកូវីដ-១៩ ការអនុវត្ត កិច្ចព្រមព្រៀងទាំងនេះ បានជួបប្រទះនូវបញ្ហារអាក់រអួល។

ជាមួយគ្នានេះផងដែរ ភាគីកម្ពុជាកំពុងខិតខំប្រឹងប្រែង ធ្វើការជាមួយភាគីថៃក្នុងការ រិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូន ទំនិញឆ្លងកាត់ច្រកទ្វារព្រំដែន រវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។ ប្រសិនបើច្រកទ្វារទាំងនេះ ត្រូវបានបើកដំណើរការ វានឹងជួយសម្រួលដល់ការដឹក ជញ្ជូនទំនិញ ជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិ ការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រក ទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញនៅក្នុងតំបន់អាស៊ាន នៅតែមានភាពល្អប្រសើរជាទូទៅ ទោះបីជាមានឧបសគ្គខ្លះ ក្នុងកំឡុងពេលមានជំងឺរាលដាល។ ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះដោយសារតែ សមាជិកអាស៊ានបានរឹតបន្តឹង សន្តិសុខផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួន ក្នុងនោះ ប្រទេសនីមួយៗរបស់អាស៊ាន បានរឹតបន្ដឹងការឆ្លងកាត់ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ឧទាហរណ៍ពីមុន គេអាចដឹកទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី ២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន។ ចំពោះ ការដឹកជញ្ជូនទ្វេភាគីនៅតែមាន ភាពរលូនបន្ទាប់ពីមានវិបត្តិកូវីដ-១៩ អស់រយៈពេលជាង មួយឆ្នាំកន្លង ទៅ។

សូមជម្រាបជូនថា៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋានអាស៊ាន បានរៀបចំសិក្ខា សាលាលើកទីមួយលើកសាងសមត្ថភាព ថ្នាក់តំបន់តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ៖ “ការ រក្សាការតភ្ជាប់សម្រាប់ខ្សែសង្វាក់ ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព និងភាពធន់” សហការជាមួយអង្គការUNESCAP និងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ដើម្បីប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយចំពោះបញ្ហា នៃការដឹកជញ្ជូនរបស់អាស៊ានក្នុងអំឡុងពេល នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយ មានការចូលរួមពីតំណាងរដ្ឋ ជាសមាជិកអាស៊ានទាំងអស់ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី៕

To Top