ព័ត៌មានជាតិ

អភិក្រមយេនឌ័រ ក្នុងវិស័យគាំពារសង្គម នៅកម្ពុជា ត្រូវបានបណ្តុះបណ្តាល ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃប.ស.ស.

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ​ ក្រោមការអនុញ្ញាត ពីលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា វគ្គបណ្តុះបណ្តាល ស្តីពី “អភិក្រមយេនឌ័រ (Gender Approaches Training)” នេះ មានចំនួន ៤ពេល គឺនៅរសៀលថ្ងៃទី១៨ ទី២០ ទី២៦ និងទី២៧ ខែឧសភា ឆ្នាំ២០២១ ដែលផ្តោតលើចំណុចសំខាន់ៗ​ ដូចខាងក្រោម៖

១) ការយល់ដឹងអំពីមូលដ្ឋានគោល នៃយេនឌ័រ និងទំនាក់ទំនងរវាងភេទ និងយេនឌ័រ
២) តួនាទី និងតម្រូវការអនុវត្ត ជាក់ស្តែងសម្រាប់យេនឌ័រ នៅក្នុងបរិបទសង្គម
៣) អត្ថប្រយោជន៍ ជាយុទ្ធសាស្ត្រផ្សារភ្ជាប់ ទៅនឹងសមាគមយេនឌ័រ ក៏ដូចជាផ្សារភ្ជាប់ ទៅនឹងសកម្មភាព និងបញ្ហានានារបស់គម្រោង SPIN
៤) យេនឌ័រ និងគោលដៅអភិវឌ្ឍ ប្រកដដោយចីរភាពទី ៥ (SDG5) ក៏ដូចជាទិសដៅពាក់ព័ន្ធ សូចនាករនានា សម្រាប់កិច្ចគាំពារសង្គម
៥) ការវិភាគវិស័យយេនឌ័រ៖ សំណួរលម្អិតទាក់ទង នឹងការកំណត់ និងទិសដៅដែលជ្រើសរើស ក្នុងទិសដៅហានិភ័យ និងសម្រាប់ជនងាយរងគ្រោះ
៦)ការពិនិត្យវិភាគ និងធ្វើលំហាត់ទាក់ទង នឹងបញ្ហាយេនឌ័រ នៅក្នុងបរិបទសង្គមបច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តម បានរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទទួលបានចំណេះដឹង ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ហើយនៅពេលបញ្ចប់ វគ្គបណ្តុះបណ្តាល ស្តីពី “អភិក្រមយេនឌ័រ (Gender Approaches Training)” នេះ សិក្ខាកាមទាំងអស់ នឹងយកទៅប្រើប្រាស់ បានចំគោលដៅតាមជំនាញរៀងៗខ្លួន។

ក្នុងឱកាសនោះដែរ លោក ហេង សុផាន់ណារិទ្ធ បានសម្តែងនូវអំណរគុណ​ យ៉ាងជ្រាលជ្រៅ ចំពោះអង្គការហ្រ្គេត (GRET) ដែលបានសហការរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង ក្រោមការឧបត្ថម្ភគាំទ្រ ដោយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិ Weave Our Future និងអរគុណចំពោះ វត្តមានរបស់ លោក លោកស្រី ដែលមានវត្តមាន នៅទីនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Video Conference)៕

To Top