នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា ៖ មហាអំណាចចិន-អាមេរិក នឹងត្រូវរ៉ូវគ្នាវិញ ក្រោយខ្នះខ្នែង ស្វែងរកដំណោះស្រាយ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមក៏ដូចជាការជឿជាក់ថា ប្រទេសមហាអំណាចចិន និងសហរដ្ឋអាមរិក ពិតជានឹងត្រូវរ៉ូវគ្នាឡើងវិញនាពេលខាងមុខ ក្រោយមហាអំណាចយក្សទាំង២ខ្នះខ្នែងស្វែងដំណោះស្រាយរួមដើម្បីគ្រប់គ្រង នូវទំនាក់ទំនងជាមួយគ្នា ។

ប៉ុន្មានឆ្នាំមុនក្នុងរដ្ឋបាលលោក ដូលណាល់ ត្រាំជាប្រធានាធិបតី គឺ សហរដ្ឋអាមេរិក បានប្រកាសប្រឆាំងនឹង ហើយភាគីទាំង២ ក៏បានបង្ហាញភាពតានតឹង ជាមួយគ្នា លើវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងទៀត ក៏ដូចជាភូមិសាស្រ្ត នយោបាយ រហូតមក ដល់លោក ចូ បៃឌិន ជាប្រធានាធិបតីថ្មី ដែលបានចូលកាន់តំណែង ជាង១០០ថ្ងៃហើយ ក៏បន្តបានបង្ហាញភាពតានតឹង ប្រឆាំងជាមួយចិនទៀត ។

ឆ្លើយតបសំណួរ ពាក់ព័ន្ធប្រធានាធិបតីអាមេរិកថ្មី របស់លោក ចូ បៃឌិន មានជំហរប្រឆាំងចិន ដូចលោកត្រាំ ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១សម្តេចតេជោ បានមាន ប្រសាសន៍ថា ចិន-អាមេរិកជាតួអង្គសំខាន់ ដែលអាចចាត់ទុកជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ច របស់ពិភពលោក ។

សម្តេចតេជោបន្តថា បើប្រទេសទាំង២ មានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាល្អនោះ ប្រទេសក្នុងតំបន់អាស៊ី ក៏បានទទួលនូវផលប្រយោជន៍ រាប់ទាំងកម្ពុជាផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងកាលពីប៉ុន្មានឆ្នាំមុន ដែលប្រទេសទាំង ២ មានភាពតានតឹងជាមួយគ្នាថា បើប្រទេសទាំង២ បន្តដាក់មុខយក្សគ្នាទៀត ពិតជាមានផលប៉ះពាល់ ដូចសុភាសិត និយាយថា ដំរីជល់គ្នាខ្ទេចស្មៅ ។

ប៉ុន្តែសម្តេចថា “យើងក៏មិនរងចាំឲ្យដំរី ជល់គ្នាឲ្យមកជាន់យើងស្លាប់ដែរ យើងរកវិធីគេចវេះ ប៉ុន្តែយ៉ាងណាក៏ដោយផលប៉ះពាល់ តែងតែកើតមានទៅលើប្រទេសតូចតាច ក្នុងក្របខណ្ឌតំបន់ របស់យើងដូចជាកម្ពុជា” ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “កម្ពុជាមានសង្ឃឹម ថា អាមេរិកនិងចិននឹងខិតខំ រកវិធីគ្រប់គ្រងទំនាក់ទំនង ដើម្បីបង្កើតឡើងវិញនូវសហប្រតិបត្តិការ ដែលបំពេញឲ្យគ្នាទៅវិញទៅមក ហើយក៏ជួយទៅដល់ស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ខ្ញុំជឿជាក់ថា ប្រទេសទាំង២ ពិតជានឹងខ្នះខ្នែងដើម្បីស្វែងរកនូវដំណោះស្រាយ សមស្របមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនង ឲ្យបានល្អ ព្រោះនៅលើពិភពកលោក មិនអាចមានប្រទេសណាមួយប្រឆាំង ជាមួយប្រទេសណាមួយ រហូតដល់ប្រទេសមួយទៀត ផុតរលត់នោះទេ” ។

សម្តេចតេជោបង្ហាញការ ជឿជាក់ទៀតថា រដ្ឋបាលរបស់លោក ចន បៃឌិន ពិតជាមានវិធានការណ៍ថ្មីៗថែមទៀត បើទោះបីមានការបន្សល់ នូវតានតឹងពីរដ្ឋបាលលោកត្រាំ ក៏ដោយ ។ សង្ឃឹមថា ក្នុងដំណាក់ណាមួយនឹងមានការថយចុះ ហើយតម្រូវការពឹងពាក់គ្នាទៅវិញទៅមក នឹងកើតមានឡើងក្នុងពេលណា មួយជាក់ជាមិនខាន ។

ដោយសម្តេចអះអាងថា កម្ពុជានឹងអាទទួលបានផល ប្រយោជន៍នូវទំនាក់ទំនងរវាងចិ និងអាមេរិក ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top