នយោបាយ

គង់ ម៉ូនីកា ៖ រឿងសុំសិទ្ធិនយោបាយ គ្មានអ្វីចម្លែក (Video)

ភ្នំពេញ ៖ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា បានថ្លែងថា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់ក្រុមមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ គ្មានអ្វីចម្លែកនោះទេ ។

មានការលើកឡើងថា ចំពោះអ្នកសុំសិទ្ធិធ្វើ នយោបាយឡើងវិញ នឹងទាញប្រជាធិបតេយ្យ នៅកម្ពុជា ឲ្យធ្លាក់ចុះដោយសារ មិនទាន់ស្តារ លទ្ធិប្រជាធិបតេយ្យ ។ ការសុំសិទ្ធិនយោបាយនេះ បានធ្វើឲ្យក្រុមលោក សម រង្ស៊ីរិះគន់ជាខ្លាំង ដោយសារការមិនពេញចិត្ត ។

ក្រោយលើកឡើងបែបនេះ លោកគង់ ម៉ូនីកាដែលជាប្រធានគណបក្សឆន្ទៈខ្មែរ ហើយត្រូវជាកូនប្រុសលោក គង់ គាំ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ធ្លាប់បានសុំទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចុះហេតុអ្វីបាន ជាក្រុមមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ សុំសិទ្ធិធ្វើនយោបាយឡើងវិញ មិនបាន? ។

លោកបន្តថា “ដូច្នេះរឿងសុំសិទ្ធិនយោបាយ គ្មានអ្វីចម្លែកនោះទេ ។ ប៉ុន្តែអ្វីដែលជាការគួរព្រួយបារម្ភ គឺអ្នកនយោបាយ ដែលសុំសិទ្ធិ ឬបង្កើតបក្សថ្មី អាចប្រើប្រាស់សិទ្ធិនយោបាយខ្លួនបានកម្រិតណា ។ បើប្រើប្រាស់សិទ្ធិ ត្រឹមតែធ្វើតាមសេណារីយ៉ូ របស់គណបក្សកាន់អំណាចទេ នោះប្រជាធិបតេយ្យនៅកម្ពុជា ពិតជាជួបគ្រោះថ្នាក់មែនហើយ”

ផ្ទាំងពាណិជ្ជកម្ម

លោកថា ជារួម ប្រជាធិបតេយ្យ មិនអាចស្លាប់ដោយសារ គ្មានគណបក្ស សង្គ្រោះជាតិនោះទេ ដង្ហើមប្រជាធិបតេយ្យ ត្រូវតែបន្ត បើទោះក្នុងស្ថានភាពរិតត្បឹត យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ត្រូវបានតុលាការកំពូលកម្ពុជា ចេញសាលដីកា សម្រេចផ្អាក មិនឲ្យធ្វើសកម្មភាព នយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោល។

ក្នុងចំណោម១១៨រូប មានជិត៣០រូបហើយ បានសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ក្នុងនោះមានមន្រ្តីល្បីៗឈ្មោះ ដូចជា លោក អ៊ូ ច័ន្ទរ័ត្ន លោក យ៉ែម បុញ្ញឬទ្ធិ លោក សុន ឆ័យ លោក មុត ចន្ថា លោក ថាច់ សេដ្ឋា លោកស្រី លី ស្រីវិណា លោកជីវ កត្តា លោក តាន គឹមឈន លោក វ៉ា សាម៉ុន លោក ជុំ ច័ន្ទដារិន លោក ទូត ឃឿត លោក ឡាត់ លិតេយ្យ លោកឡុង គឹមឃន និងលោក យង់ ផាន់ណេត ព្រមទាំងមន្រ្តីមួយចំនួនទៀត ដែលភាគច្រើនសុទ្ធសឹង តែជាមនុស្សជំនិត របស់លោក កឹម សុខា ៕

To Top