ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានក្រើនរំលឹក និងណែនាំដល់មន្ត្រី បុគ្គលិកក្នុងស្ថាប័នក្រោមឱវាទទាំងអស់ ជាមួយនឹងកិច្ចការរបស់ខ្លួនត្រូវបំពេញការងារយ៉ាងម៉ត់ចត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. បានទាន់ពេលវេលា បើទោះបីជាកន្លងមកនេះ មន្ត្រី និងបុគ្គលិកជំនាញទាំងអស់ បានបំពេញកិច្ចការរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក្តី។

ក្នុងបរិបទនៃសម័យកាលកូវីដ-១៩ ដ៏លំបាកនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៅតែខិតខំបន្តដឹកនាំមន្ត្រីបុគ្គលិកក្នុងស្ថាប័នឲ្យបំពេញការងារ បម្រើសេវាជូនសមាជិករបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។


មកដល់ខែឧសភា ឆ្នាំ២០២១ នេះ ជំងឺកូវីដ-១៩ បានបំប្លែងខ្លួន ហើយនៅតែបន្តគម្រាមកំហែង ដល់អាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោកដែលគួរឲ្យភ័យខ្លាចបំផុត បើទោះបីវ៉ាក់សាំងចាក់ការពារត្រូវបានរកឃើញ និងកំពុងបន្តចាក់ជូនពលរដ្ឋរបស់ខ្លួន នៅបណ្តាប្រទេសជាច្រើនហើយក៏ដោយ។

នៅព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល បានគិតគូរខ្ពស់បំផុតពីសុខុមាលភាពរបស់ មន្ត្រីរាជការ បុគ្គលិកគ្រប់ស្ថាប័នរបស់រដ្ឋ និងឯកជន រួមទាំងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសទាំងមូលផងដែរ ជាមួយគ្នានឹងការដាក់ចេញនូវផែនការយ៉ាងម៉ត់ចត់ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈវិធានសុខាភិបាល ពិសេសឲ្យអនុវត្តនូវវិធាន ៣ការពារ និង ៣កុំ ជាប់ជាប្រចាំ។

ទន្ទឹមគ្នានឹងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្ដអូសបន្លាយ ដែលបង្កឱ្យមានផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ រួមទាំងប្រទេសកម្ពុជាយើងផងដែរនោះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹក និងណែនាំដល់មន្ត្រី បុគ្គលិកក្នុងស្ថាប័នក្រោមឱវាទទាំងអស់ ជាមួយនឹងកិច្ចការរបស់ខ្លួនត្រូវបំពេញការងារយ៉ាងម៉ត់ចត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. បានទាន់ពេលវេលា បើទោះបីជាកន្លងមកនេះ មន្ត្រី និងបុគ្គលិកជំនាញទាំងអស់ បានបំពេញកិច្ចការរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក្តី ក៏កុំភ្លេចត្រូវចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ដែលបានដាក់ចេញ។

សូមបញ្ជាក់ថា ការផ្តល់ឱវាទណែនាំ ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកខាងលើ ត្រូវបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំធំ ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. សរុបប្រមាណជិត ១០០នាក់ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)៕

