នយោបាយ

វិភាគ ៖ ពលរដ្ឋមីយ៉ានម៉ា ដាច់បាយបណ្តើរៗ ដោយសារវិបត្តិ នយោបាយ

បច្ចុប្បន្នភាព

អង្គការស្បៀង អាហារពិភពលោក World Food Program (WFP) បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភានេះ អំពីគ្រោះទុរ្ភិក្ស នៅសហភាពមីយ៉ានម៉ា ដែលបានកើតឡើង នៅទូទាំងប្រទេស ដោយសារវិបត្តិនយោបាយ ។

WFP បានអោយដឹងថា ប្រជាពលរដ្ឋមីយ៉ានម៉ា ប្រមាណជាង ៣លាន ៤សែននាក់ នៅទូទាំងប្រទេស ដែលភាគច្រើន នៅតាមជនបទ មិនមានអាហារទទួលទាន ប្រចាំថ្ងៃគ្រប់គ្រាន់ទេ ដោយគ្រួសារខ្លះ មានអាហារទទួលទាន តែ១ពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ។

របាយការណ៍ដដែលបានបង្ហាញថា កំណើនប្រជាពលរដ្ឋ អត់ឃ្លាននៅមីយ៉ានម៉ា បានកើនឡើងជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលអាចនឹងកើនឡើង ដល់ជាង៥លាននាក់ ក្នុងរយៈពេលពី៣ទៅ៥ខែខាងមុខ ប្រសិនបើវិបត្តិនយោបាយនៅតែអូសបន្លាយ ។

លោក Stephen Anderson នាយកអង្គការស្បៀងអាហារពិភពលោក ប្រចាំសហភាពមីយ៉ានម៉ា បាននិយាយថា កត្តាសំខាន់២ ដែលនាំអោយកំណើន ប្រជាពលរដ្ឋអត់ឃ្លាន នៅសហមីយ៉ានម៉ា ចេះតែបន្តកើនឡើងឥតឈប់ឈរ នៅពេលបច្ចុប្បន្ននេះ ។

កត្តាទី១ គឺដោយសារតម្លៃផលិតផល ពាក់ព័ន្ធនឹងម្ហូបអាហារ មានអង្ករ បន្លែបង្ការ ត្រីសាច់ និងផលិតផលវិចខ្ចប់ រួមទាំងតម្លៃប្រេងឥន្ធនៈជាដើម បានកើនឡើងខ្ពស់កប់ពពក ដែលប្រជាពលរដ្ឋ នៅតាមជនបទមិនមានលទ្ធភាព ក្នុងការទិញយកទៅទទួលទាន ។

កំណើនតម្លៃផលិតផល ពាក់ព័ន្ធនឹងម្ហូបអាហារ និងប្រេងឥន្ធនៈនៅមីយ៉ានម៉ា បើប្រៀបធៀបនឹងឆ្នាំ២០២០ មុនរដ្ឋប្រហារគឺ តម្លៃអង្ករ បានកើនឡើង៣៥% តម្លៃប្រេងឆា បានកើនឡើង២០% តម្លៃ តម្លៃបន្លែបង្ការគ្រប់ប្រភេទ បានកើនឡើងក្នុងរង្វង់២០% និងតម្លៃត្រីសាច់ មានសាច់ជ្រូ និងសាច់គោជាដើម បានកើនឡើងក្នុងរង្វង់២១% ហើយតម្លៃប្រេងឥន្ធនៈ មានប្រេងសាំង និងប្រេងម៉ាស៊ូត បានកើនឡើង១៥% បើប្រៀបធៀបនឹងមុនរដ្ឋប្រហារ ។
កំណើនតម្លៃទំនិញពាក់ព័ន្ធនឹងម្ហូបអាហារ ដែលបានហក់ឡើងខ្ពស់កប់ពពកនេះហើយ ជាកត្តាសំខាន់នាំអោយប្រជាពលរដ្ឋនៅតាមជនបទ ដែលមានជីវភាពទន់ខ្សោយ ឬក្រីក្រស្រាប់ មិនមានប្រាក់សម្រាប់ទិញអាហារទទួលទានគ្រប់គ្រាន់ប្រចាំថ្ងៃ ។

លោក Stephen Anderson បានបញ្ជាក់ថា ប្រជាពលរដ្ឋ នៅតាមជនបទមួយចំនួន មានអង្ករខ្លះទុកសម្រាប់ទទួលទានប្រចាំងថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនទៀត មិនមានអង្ករទុកសម្រាប់ ទទួលទានទេ ដោយពឹងផ្អែកលើការងារបន្តិចបន្តិចប្រចាំថ្ងៃ ។

នេះជាកត្តាចំបង ដែលនាំអោយប្រជាពលរដ្ឋមីយ៉ានម៉ា មិនមានអាហារទទួលទានគ្រប់គ្រាន់ប្រចាំថ្ងៃ ដែលគ្រួសារខ្លះទទួលទានអាហារតែ១ពេល គ្រួសារខ្លះទទួលទាន២ពេល និងគ្រួសារខ្លះទៀតមិនមានអាហារទទួលទានសោះ គឺទទួលទានផ្លែឈើបន្តិចបន្តួចជំនួស ។

កត្តាទី២ គឺដោយសារកំណើន ប្រជាពលរដ្ឋអត់ការងារ ធ្វើចេះតែបន្តកើនឡើងខ្ពស់ ក្នុងក្បួនបាតុកម្មប្រឆាំងរបបសឹក ដោយកងកម្លាំងយោធា បានរឹតបន្តឹងសន្តិសុខ និងដាក់បម្រាមគោចរ ដែលនាំអោយប៉ះពាល់ ដល់ការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ប្រជាជនខ្លះ ទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ ពីមុខរបរក្រៅប្រព័ន្ធ មានមុខរបរជាកម្មករសំណង់ មុខរបរកាយលូទឹក ឬមុខរបរដឹកជញ្ជូនក្រៅប្រព័ន្ធនានា មានរត់ម៉ូតូឌុប រត់រម៉កកង់បី ឬការងារបានប្រាក់ចំណូលប្រចាំថ្ងៃផ្សេងទៀត ។

ក្រោយពីរដ្ឋប្រហារ ការងារក្រៅប្រព័ន្ធខាងលើ បានទទួលរងផល ប៉ះពាល់ស្ទើរតែទាំងស្រុង ដោយសារបម្រាមគោចរ របស់របបសឹក និងដោយសារការរឹតត្បឹត ការធ្វើដំណើរនៅទូទាំងប្រទេសក្នុង ហេតុផលការពារសន្តិសុខ ខណៈប្រទេសមានវិបត្តិនយោបាយ ។

ប្រមុខដឹកនាំរបបសឹក បានចេញសេចក្តីប្រកាសបិទតំបន់ មួយចំនួន និងដាក់បម្រាមគោចរ នៅទូទាំងប្រទេស ក្នុងវិធានការទប់ស្កាត់ការឆ្លង រាលដាលវីរុសCovid-19ផង និងដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋផង ដែលធ្វើអោយប៉ះពាល់ ដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានប្រាក់ចំណូល ទៀតទាត់ រហូតដល់មិនមានប្រាក់ទិញអាហារទទួលទាន ។

ដើមចមនាំអោយកើតរឿង

លោក Tom Andrews អ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ានម៉ា បាននិយាយថា ដើមចមដែលនាំអោយ ប្រជាពលរដ្ឋ របស់សហភាពមីយ៉ានម៉ា ជួបប្រទះគ្រោះទុរ្ភិក្ស មិនមានអាហារទទួល ទានគ្រប់គ្រាន់ប្រចាំថ្ងៃ គឺដោយសារកម្មកររោងចក្រ រាប់ម៉ឺននាក់ មិនមានការងារធ្វើនោះទេ ។

លោក Tom Andrews បានបន្ថែមថា រោងចក្រសហគ្រាស ភាគច្រើននៅសហភាពមីយ៉ានម៉ា មានរោងចក្រកាត់ដេរ រោងចក្រផលិតជី និងរោងចក្រផ្សេងៗទៀត គឺជារបស់ក្រុមវិនិយោគិន មកពីប្រទេសចិន ហើយរោងចក្រសហគ្រាសទាំងនោះ បានបិទទ្វារចាប់តាំងពីខែមីនា ដើមឆ្នាំ២០២១នេះ នៅមិនទាន់បើកទ្វារទទួលកម្មករនៅឡើយ ។

មូលហេតុដែលនាំអោយរោងចក្រ សហគ្រាសចិនមិនទាន់បើកទ្វារ និងផ្តល់ការងារជូនកម្មករ គឺដោយសារក្រុមបាតុករប្រឆាំងរបបសឹក ដែលមានទាំងកម្មកររោងចក្រ ចូលរួមដែរនោះ បានធ្វើបាតុកម្មដុតបំផ្លាញ រោងចក្រចិនចំនួន៦កន្លែង កាលពីខែមីនាកន្លងទៅ រួមទាំងបង្ហាញសកម្មភាព ខឹងសម្បារប្រទេសចិន ដោយចោទប្រកាន់ចិន ពីបទគាំទ្ររបបសឹក ។

អំពើហិង្សាក្នុងក្បួន បាតុកម្ម ដោយដុតបំផ្លាញរោងចក្រនេះហើយ ដែលនាំអោយថៅកែរោងចក្រ មិនអាចបើកទ្វារទទួលកម្មករវិញបាន និងបន្តបិទទ្វារ ជាច្រើនខែ រហូតដល់បច្ចុប្បន្ននេះ ដែលបណ្តាលអោយកម្មកររោងចក្រ រាប់ម៉ឺននាក់ មិនមានការងារធ្វើ និងរុញទម្លាក់សេដ្ឋកិច្ចគ្រួសារ អោយធ្លាក់ចូលក្នុងភាពក្រីក្រ កាន់តែខ្លាំថែមទៀត ៕
ដោយ ៖ អ៊ី ជិន

To Top