ព័ត៌មានជាតិ

គ.ជ.ប បញ្ជាក់ពីគោលបំណង រៀបចំការបោះឆ្នោត សាកល្បង ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២១

ភ្នំពេញ ៖ លោក សោម សូរីដា ទីប្រឹក្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាអគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់អំពីគោលបំណងសំខាន់ នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២១ ។ យោងតាមសេចក្តីជូនដំណឹង គ.ជ.ប។

គោលបំណងសំខាន់ រួមមាន ៖ សាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ,ដកបទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាតកូវីដ១៩ ក្នុងការិយាល័យបោះឆ្នោត ,សាកល្បងការប្រើប៊ិកគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត និងសាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ។

ថ្មីៗនេះ គ.ជ.ប រៀបចំកិច្ចប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ- សង្កាត់ ឆ្នាំ២០២១ សោម សូរីដា បានលើកឡើងថា ក្នុងសន្និបាតបូកសរុបការបោះឆ្នោតកន្លងមក គ.ជ.ប បានរកឃើញនូវចំណុចខ្វះខាតមួយចំនួន ក្នុងដំណើរការរៀបចំការ បោះឆ្នោត ពិសេស ក្នុងដំណើរការចុះបញ្ជី គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងក្នុងដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោតដែលផ្ដើមចេញពីនេះ គ.ជ.ប បានដាក់ចេញនូវកំណែទម្រង់ផ្នែកបច្ចេកទេស សម្រាប់ការអនុវត្តដំណើរការរៀបចំការបោះឆ្នោតដោយឈរលើគោលការណ៍ធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធានាឱ្យការបោះឆ្នោតលើកក្រោយទៀត កាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។

លោក បន្ថែមថា គ.ជ.ប ត្រូវរៀបចំការបោះឆ្នោត ដោយអនុវត្តតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហើយការបោះឆ្នោតត្រូវធ្វើឡើងជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ពោលគឺមិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ។

សូមជម្រាបជូនថា ប្រសិនបើការបោះឆ្នោតសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២១ ដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតសកល នៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕

To Top