ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តកំពង់ចាម ប្រជុំបន្ទាន់ ជុំវិញការរកឃើញ ករណីវីរុសកូវីដ-១៩ បម្លែងថ្មី

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ រួមជាមួយថ្នាក់ដឹកនាំ ពាក់ព័ន្ធជាច្រើនទៀត នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១នេះ បានចូលរួម ក្នុងកិច្ចប្រជុំបន្ទាន់មួយ តាមរយៈប្រព័ន្ធវីដេអូ ជាមួយ លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ អន្តរក្រសួង ដើម្បីទទួលការណែនាំថ្មី បន្ទាប់ពីរកឃើញករណី វីរុសបម្លែងថ្មី ប្រភពពីប្រទេស ឥណ្ឌា ។

តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរ សុខាភិបាលខេត្ត ក៏ដូចជាគ្រប់អង្គភាព សុខាភិបាលទាំងអស់ ឱ្យបង្កើនការ យកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ប្រតិបត្តិ ស្តង់ដារបច្ចេកទេស ការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺ ឱ្យនៅ ដោយឡែកពីគ្នា និងបន្តការ ស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅ នឹងការចម្លងបន្តគ្នាផ្សេងៗទៀត នៅតាមទីតាំងដែលមានការ រកឃើញករណ៍វិជ្ជមានវីរុសកូវីដ-១៩ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះដែរ លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការផ្សេងៗទៀត ដែលបានដាក់ចេញ ដោយក្រសួង សុខាភិបាល ជាពិសេសវិធានការរដ្ឋបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ ក្នុងសហគមន៍ ៕

To Top