ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ៖ យើងរួមគ្នាដាំដើមឈើ ក្នុងសហគមន៍ ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្ស ធនធានធម្មជាតិ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការរួមគ្នាដាំដើមឈើ ក្នុងសហគមន៍ ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្សធនធានធម្មជាតិ ព្រមទាំង ជីវៈចម្រុះ ជាពិសេសនោះ បន្សល់ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

ក្នុងឱកាស នៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២១ ក្រសួងបរិស្ថាន និងរដ្ឋបាលក្រុងសួង នៃខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានសហការដាំដើមឈើប្រភេទឈើប្រណិត និងដើមផ្កាដើម្បីបង្កើនភាពបៃតង សម្រាប់ក្រុង និងបណ្តុះស្មារតីប្រជាពលរដ្ឋឲ្យស្រឡាញ់ និងចូលរួមការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ «ជីវៈចម្រុះ និងសុខភាពមនុស្ស» ដែលគឺជា ប្រធានបទនៃការប្រារព្ធ ទិវាបរិស្ថាន ឆ្នាំ២០២១នេះ។

នាឱកាសនោះ លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា សកម្ម ភាពនៃការដាំដើមឈើ និងដើមផ្កាប្រភេទកម្រ នោះ គឺជាសកម្មភាពមួយដ៏ល្អប្រពៃដែលត្រូវបានឲ្យតម្លៃថា ជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន និងធនធានធម្មជាតិ ហើយរួមគ្នាដាំដើមឈើបន្ថែមនៅក្នុងសហគមន៍ និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ជីវៈចម្រុះគ្រប់ប្រភេទ។

លោក មានប្រសាសន៍ថា «ការរួមគ្នាដាំដើមឈើតាមសហគមន៍ និងទីប្រជុំជន មិនមែនបង្កើតភាពបៃតង ជាម្លប់ និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទេប៉ុណ្ណោះទេ តែបានចូលរួមថែរក្សានិងអភិរក្សប្រភេទឈើ ប្រណីតសំខាន់នៅក្នុងសហគមន៍ និងចូលរួមបង្កើនវត្តមានឈើប្រណីតក្នុងប្រទេសកម្ពុជា និងជាការបន្សល់ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ»។

លោក ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើត តំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះប្រព័ន្ធតំបន់ការពារពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះជាង ៧០ កន្លែង មានផ្ទៃដីជាង ៧,៣ លានហិកតាស្មើប្រមាណជាង ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមយុត្តាធិការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។

សូមរំលឹកថា កូនឈើប្រណិត ជាង១៥០០ដើម ក្នុងនោះ មានកូនឈើគ្រញូង ចំនួន ៤០០ ដើម ដើមធ្នង់ ជាង ២០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌លឿងចំនួន ៥០០ដើម និងផ្កាឥន្ធនេល ចំនួន ៤០០ ដើម ត្រូវបានដាំនៅតាមផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដោយ មានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋជិត ១០០ នាក់៕

To Top