ព័ត៌មានជាតិ

គ.ជ.ប បញ្ជាក់ពីការចុះបញ្ជី គណបក្ស និងបេក្ខជនឈរឈ្មោះ បោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់- ឆ្នាំ២០២១។

តាមសេចក្ដីបញ្ជាក់របស់ គ.ជ.ប កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការបោះឆ្នោតសាកល្បងខាងមុខ នេះ នឹងបង្កើតគណបក្សនយោបាយសំណាកចំនួន ៥ ដែលតំណាងដោយលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នីមួយៗ ដើម្បីចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់គោលដៅចំនួន ២៥ ក្នុងរាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតសាកល្បង។

គ.ជ.ប បន្ដថា បញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសាកល្បង ត្រូវអនុវត្តដោយផ្ទាល់តាមទម្រង់ពាក្យសុំចុះបញ្ជី (ទ.១០០៨) នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។

គ.ជ.ប បន្ថែមថា ក្នុងដំណើរការនេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការរៀបចំបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត និងដើម្បីជួយសម្រួល ដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់របស់ គឃ.សប មុននឹងសម្រេច ទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប បានបង្កើត «កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ»៕

To Top