ព័ត៌មានជាតិ

ចិន សន្យាផ្គត់ផ្គង់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ និងនាំចូលផលិតផល កសិកម្មបន្ថែមទៀតពីកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលចិន បានសន្យាជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងផ្គត់ផ្គត់វ៉ាក់សាំងជាបន្តបន្ទាប់ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានសន្យានឹងនាំចូល ផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយផងដែរ ។ នេះជាការបញ្ជាក់របស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ។


យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៨ មិថុនា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ មិថុនា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ជាមួយលោកទីប្រឹក្សារដ្ឋ វ៉ាង យី ដែលជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្ដូរទស្សនៈស្ដីពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ក្នុងជំនួបនោះភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើនដើម្បីជាប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្ដែងនូវការអបអរសាទរ យ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (១៩២១-២០២១)។ លោកបានសម្ដែងនូវការ កោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍជាតិរបស់ខ្លួនជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។

ក្នុងប្រកាសបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្រ របស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ដើម្បីបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិន នឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។ ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីងក៏បាន បរិច្ចាគសម្ភារៈវេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧.២០០ ដុល្លាសហរដ្ឋអាមេរិក) ផងដែរ» ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ ៕

To Top