ព័ត៌មានជាតិ

អាជ្ញាធររាជធានី គ្រោងពង្រីក វិសាលភាព ការលក់ដូរ នៅផ្សាររដ្ឋទាំង២៥ ឲ្យបានទូលំទូលាយ ជាងមុន

ភ្នំពេញ៖ អាជ្ញាធរខណ្ឌ រាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាព នៃការលក់ដូរនៅតាមផ្សាររដ្ឋ ទាំង២៥ ឲ្យបានទូលំទូលាយ ជាងមុន ក្រោយពីផ្សាររដ្ឋនានា នៅទូទាំងរាជធានី មិនមានការឆ្លង រីករាលដាល ជំងឺកូវីដ-១៩បន្ថែមទៀត ក្រោយបានបើក ឲ្យដំណើរការ ប្រមាណ២សប្តាហ៍មកនេះ ។

បើទោះបីនៅតាមបណ្ដារោងចក្រ សហគ្រាសមួយចំនួន នៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ ក៏នៅក្នុងកិច្ចប្រជុំ តាមរយៈ video conference មួយនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមិថុ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ផ្សាររដ្ឋទាំង២៥ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចឲ្យបើកឲ្យដំណើរការ លក់ដូរឡើងវិញ ប្រមាណ២សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿង ឧបភោគបរិភោគ ត្រី សាច់ជាដើម ។ ប៉ុន្តែមកដល់ពេលនេះ ក្រោយបើកឲ្យដំណើរការឡើងវិញ ឃើញថានៅតាមផ្សាររដ្ឋទាំង២៥ មិនមានការឆ្លងរាលដាល ជំងឺកូវីដ-១៩នោះទេ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកវិសាលភាព នៃការបើកផ្សារទាំង២៥នេះបានធំទូលាយជាងមុន ។

លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា មុននៃការបើកវិសាលភាពផ្សារទូលំទូលាយជាងមុន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកោះប្រជុំ ជាមួយគណៈកម្មការផ្សារ ទាំង២៥ ជាមុនសិន ដើម្បីពិនិត្យលទ្ធភាព ថាតើយើងគួរពង្រីកវិសាលភាព ផ្សារក្នុងកម្រិតណា ។

ក្រោយពីប្រជុំពិភាក្សាគ្នា ហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដើម្បីជម្រាប ជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជនបានជ្រាបជាព័ត៌មាន ដោយសារប្រជាពលរដ្ឋ ភាគច្រើនបំផុត បានចេះការពារខ្លួនតាមការណែនាំ របស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំ៣ការពារ បានល្អ មានន័យថា ពួកគាត់ចេះរស់នៅ ក្នុងបរិបទថ្មី កូវីដ-១៩ ហើយ ៕

To Top