នយោបាយ

សម្តេចតេជោ អរគុណ ឆែក បានលុបបំណុលមួយ ចំនួនធំពីកម្ពុជា ខណៈបំណុលសេសសល់ បង្វែមកជួយក សាងសាលារៀន (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលឆែក បានលុបបំណុល ពីកម្ពុជាមួយចំនួនធំ ហើយបំណុល នៅសេសសល់មកបង្វែ ជួយសាងសង់សាលារៀន និងវិស័យសង្គម កិច្ចជាដើមវិញ ។

ក្រោយបញ្ចប់ជំនួបពិភាក្សា ការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន សរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក ថា «ថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជា ពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ។ លើសពីនេះទៅទៀត ក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុល ដែលនៅសេសសល់ បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម»។

ពាក់ព័ន្ធទៅនឹងបេសកកម្មការទូត សម្ដេចតេជោ ក៏បានស្នើទូតឆែកថ្មីឲ្យយកចិត្តទុកដាក់ទៅលើការ ជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ បានប្រាប់ទូតឆែកថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹង ចាក់រហូតដល់១០លាននាក់ នៅត្រឹម ខែវិច្ឆិកា ខាងមុខនេះ។

ជាកាឆ្លើយតប ឯកអគ្គរាជទូតឆែកថ្មី ក៏បានសន្យា ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញ កិច្ចសហប្រតិបត្តិការលើ វិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ ។

សូមបញ្ជាក់ថា បើស្ថិតិផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុ និងហិរញ្ញវត្ថុបង្ហាញថា បំណុលរដ្ឋជំពាក់បរទេសបានកើនឡើងពីរង្វង់ ៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៥ មកដល់ ៨,៨ ពាន់លានដុល្លារនៅឆ្នាំ២០២០ ហើយក្នុងឆ្នាំ២០២១នេះ បើតាមគម្រោងរបស់រដ្ឋាភិបាល បំណុលនឹងនេះកើនដល់រង្វង់ ១០ ពាន់លានដុល្លារ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top