ភ្នំពេញ ៖ លោក ហេង វណ្ណដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិបានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានប្រាប់ឲ្យបណ្តាប្រទេសជាច្រើនក្នុងពិភពលោកជួបទប់ស្កាត់ចិនដែលកំពុងតែមានឥទ្ធិពលនាពេលបច្ចុប្បន្ន ។

ក្នុងករណីឲ្យជួយទប់ចិនពីសំណាក់មហាអំណាចអាមេរិកនេះ ក៏មិនខុសពីករណីនៅរាមដែរ ដែលអាមេរិកបានចោទថា នៅតំបន់សមុទ្ររាម មានមូលដ្ឋានទ័ពចិននៅទីនោះ ។

លោកវរសេនីយឯក Marcus M. Ferrara អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានធ្វើដំណើរទៅរាមកាលពីថ្ងៃ១១ មិថុនា តែយោធាកម្ពុជាមិនអនុញ្ញាតឲ្យបានទៅមើលគ្រប់កន្លែងក្នុងមូលដ្ឋានកងទ័ពជើងទឹកទេ។ ដោយសារមិនអស់ចិត្តលោក Ferrara បានទទូចមកយោធាកម្ពុជាឲ្យកំណត់ពេលទស្សនកិច្ចឡើងវិញ ដោយត្រូវអនុញ្ញាតឲ្យមើលគ្រប់កន្លែង។ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា អាមេរិកដែលមានគោលបំណងទៅពិនិត្យភាពការណ៍ទូទៅនៅផែសមុទ្ររាមនោះ ការពិតទៅចង់ធ្វើអធិការកិច្ចទៅលើផែសមុទ្ររាម ដើម្បីស្វែងរកមូលដ្ឋានទ័ពចិនទៅវិញ ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១៦ មិថុនា លោក ហេង វណ្ណដា បានថ្លែងថា “រឿងរ៉ាវក្នុងលោកបច្ចុប្បន្នដែលកើតឡើង គឺរឿងមហាអំណាចលេខ១ក្នុងលោកប្រកូកប្រកាសឲ្យនាំគ្នាជួយទប់ចិន។ រឿងផែរាមក៏រឿងដូច្នេះដែរ” ។
លោក ហេង វណ្ណដា បានរៀបរាប់ពីអាមេរិកឲ្យជួយទប់ចិនថា ៖
១. ក្នុងកិច្ចប្រជុំG7 លោកបៃឌិន ប្រាប់ G7 ថា ជួយទប់ចិនផងហ្នា៎! មិត្តសម្លាញ់ (Be Back Better Friendship with you again, my dear old Friend)
២. ជួបប្រធានអឺរ៉ុប លោក បៃឌិន ប្រាប់ថាជួយទប់ចិន។ ជាថ្នូរជួយសេដ្ឋកិច្ច “ខ្ញុំនឹងជួយសេដ្ឋកិច្ច និងជួយទប់រុស្សីតាមបំណងរបស់អឺរ៉ុបថ្មីដែលជាអតីតរដ្ឋក្នុងសហភាពសូវៀត”។
៣. នៅអាស៊ីប៉ាស៊ីហ្វិក លោក បៃឌិន ទាក់ជប៉ុន អូស្ត្រាលី ឥណ្ឌា ក្លាយជាសម្ព័ន្ធ QUAD ទប់ចិន។

៤. នៅអាស៊ាន លោក បៃឌិន ឲ្យអនុរដ្ឋមន្ត្រីការបរទេសមកប្រាប់ឥណ្ឌូណេស៊ីត្រូវតែទប់ចិន ។ មកកម្ពុជា ស្តីឲ្យកម្ពុជា ថ្លឹងឲ្យស្មើគ្នា មិនចាំបាច់ទប់ចិនទេ ។ កម្ពុជាសួររឿងជំពាក់បំណុលថ្លៃទម្លាក់គ្រាប់បែកគិតម៉េច? ចាំគិតមើលសិន។ ទៅថៃ ស្ត្រីអនុរដ្ឋមន្ត្រីការបរទេស ប្រាប់ថៃថា ជួយទំនុកបម្រុងការតស៊ូ របស់ការ៉ែនផង មានន័យថាទប់ចិនហើយ។

៥. លោក បៃឌិន នឹងជួបលោក ពូទីន នាថ្ងៃ១៦មិថុនា នឹងប្រាប់ពូទីនថា ជួយទប់ចិន “ខ្ញុំនឹងជួយបន្ធូរបន្ថយទណ្ឌកម្មខ្លះ និងទុករឿងលោកជួយត្រាំដោយឡែកសិន” ៕
