ព័ត៌មានជាតិ

សម្ដេច ស ខេង បង្កើតក្រុមការងារ​ រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ដោយមាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ធ្វើជាប្រធាន និងមានសមាភាពចូលរួម ១៤រូប ផងដែរ ។

ក្នុងសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖

ទី១-ធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើកការងារដ្ឋាភិបាលឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងគ្រប់គ្រងគម្រោង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតាមបណ្ដាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង ។

ទី២-សហការជាមួយដៃគូពាក់ព័ន្ធ ទីប្រឹក្សា និងអ្នកជំនាញតាមការចាំបាច់ ដើម្បីរៀបចំកសាងផែនការ មេបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន និងការបណ្ដុះបណ្ដាលលើ កម្ពស់សមត្ថភាពធនធានមនុស្ស ។

ទី៣-គ្រប់គ្រងការ ធ្វើសមាហរណកម្មតភ្ជាប់រវាង ប្រព័ន្ធបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ ជាមួយ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃបណ្ដាក្រសួង-ស្ថាប័ន្ធព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ទី៤-គ្រប់គ្រងការធ្វើបច្ចុប្បន្នភាព វាយតម្លៃគុណភាពប្រព័ន្ធ និងសម្ភារៈបច្ចេកទេស បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ឲ្យសមស្របតាមស្ថានភាព រីកចម្រើននៃបច្ចេកវិទ្យាពិភពលោក បម្រើដល់ការងារជំនាញ និងការងារផ្ដល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព។

ទី៥-រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីធានាដល់ការងារអនុវត្តប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ការងាររដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

និងទី៦-រៀបចំរបាយការណ៍ អំពីលទ្ធផលការងារតាមដំណាក់កាលនីមួយៗ ជូនរដ្ឋមន្ដ្រីដើម្បីជូនជ្រាប ឬ / និងស្នើសុំមតិដឹកនាំតាមការចាំបាច់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top