ព័ត៌មានជាតិ

WB ៖ សេដ្ឋកិច្ច របស់កម្ពុជា កំពុងរើបឡើងវិញ ប៉ុន្តែនៅមិនប្រាកដប្រជា (Video)

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា នឹងទទួលបានកំណើន ជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយក្នុងឆ្នាំ២០២០ ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងណាក្តីការរើបឡើងវិញនេះ មានលក្ខណៈមិនដូចគ្នាទេ នៅតាមផ្នែកនានា នៃសេដ្ឋកិច្ច ហើយវាក៏ស្ថិត នៅក្នុងសភាព ផុយស្រួយ នៅឡើយដែរ ។ មួយផ្នែកដោយសារ តែវិធានការបិទខ្ទប់ ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាល នៃការឆ្លងវីរុសកូវីដ១៩ ។ ធនាគារពិភពលោក បាននិយាយដូច្នេះ នៅក្នុងរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះទៅការរើបឡើងវិញ ។

ធនាគារពិភពលោកបន្ដថា ខណៈវិស័យមួយចំនួន មានការរីកចម្រើន តែផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាត នៃជំងឺកូវីដ១៩ ។ វិស័យកសិកម្ម នៅរក្សាភាពធន់ បានគួរសមដោយសារ តែមានតម្រូវការខ្លាំង អមដោយការនាំចេញ ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលកម្ពុជា និងចិនបានចុះហត្ថលេខាជាមួយគ្នា ។ ផ្នែកឧស្សាហកម្មផលិត ក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួន ទៅតាមលក្ខខណ្ឌ ប្រែប្រួលនៅខាងក្រៅ។

ធនាគារពិភពលោកបន្ថែមថា អាជីវកម្មបោះដុំ និងលក់រាយ បានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាព សេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញ បន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានា នៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ , ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះ នៃទេសចរណ៍ ក្នុងស្រុកនិងអន្តរជាតិ ។ ការវិនិយោគផ្ទាល់ពីបរទេស នៅតែហូរចូលឥតដាច់ព្រមទាំងជួយទ្រទ្រង់ ដល់វិស័យក្រៅប្រទេសផងដែរ។

ប្រភពដដែលបញ្ជាក់ថា ទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជា នៅតែប្រឈមនឹងភាព មិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និងល្បឿន នៃដំណើររើបឡើងវិញនេះ អាស្រ័យស្ទើរតែទាំងស្រុង ទៅលើសភាពរបស់វីរុស និងទៅលើល្បឿន នៃការចាក់វ៉ាក់សាំងការពារ។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគារ ពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «ដូចប្រទេសជាច្រើនទៀត នៅក្នុងតំបន់ដែរកម្ពុជា បានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោក ដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឲ្យមនុស្សក្នុងប្រទេសបានជាង៣លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់»។

លោកស្រី បានបន្ថែមទៀតថា ធនាគារ ពិភពលោក នៅតែបន្តធ្វើការជាមួយកម្ពុជា​ ដើម្បីជួយប្រទេសនេះបន្ថែមទៀត ក្នុងការប្រយុទ្ធនឹងការឆ្លង រាតត្បាតនៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឲ្យមានភាពធន់រឹងមាំឡើងវិញ ៕

To Top