ព័ត៌មានជាតិ

ប.ស.ស. កម្ពុជា ចូលរួមមហាសន្និបាត​ លើកទី៥ សមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី

មហាសន្និបាតលើកទី៥ នៃសមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA) ត្រូវបានរៀបចំឡើងដោយ អង្គភាព COMWEL នៃសាធារណៈរដ្ឋកូរ៉េ និងជាប្រធានសមាគម AWCA ក្នុងអាណត្តិឆ្នាំ២០២០-២០២១ ដោយមានការចូលរួម ពីស្ថាប័នសន្តិសុខសង្គមចំនួន ១៣អង្គភាព មកពីបណ្តាប្រទេសចំនួន ១០ ដែលក្នុងនោះសម្រាប់ ប.ស.ស. កម្ពុជា ក៏បានផ្តល់កិត្តិយស ពីសំណាក់​លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានសមាគម សំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) បានដឹកនាំគណៈប្រតិភូ និងមន្រ្តីបច្ចេកទេសជំនាញ នៃ ប.ស.ស. មួយចំនួនចូលរួម នារសៀលថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះផងដែរ។

លោក KANG Soonhie ប្រធានអង្គភាព COMWEL នៃសាធារណៈរដ្ឋកូរ៉េ និងជាប្រធានសមាគម AWCA អាណត្តិឆ្នាំ២០២០-២០២១ ក្នុងឱកាសថ្លែងបើក នៃមហាសន្និបាតលើកទី៥ នេះ លោក បានបញ្ជាក់ថា វាពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ ដែលយើងត្រូវបង្ខំឱ្យមាន​ ការរៀបចំមហាសន្និបាតនេះឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ហើយនេះក៏ដោយសារតែ ជំងឺកូវីដ-១៩ នៅតែបន្តការគម្រាមកំហែង និងអូសបន្លាយ មិនទាន់ផុតរលត់នៅឡើយ ក៏ប៉ុន្តែទោះយ៉ាងណា នៅពេលកម្មវិធីយុទ្ធនាការ ចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក បានដំណើរការយ៉ាងរលូន ខ្ញុំជឿជាក់ថា យើងនឹងអាចជួបពិភាក្សា យ៉ាងកក់ក្តៅជាមួយគ្នា ដោយផ្ទាល់ និងចែករំលែកចំណេះដឹង រួមទាំងបទពិសោធន៍ល្អៗ ដើម្បីអនុវត្តជាមួយគ្នា ទៅវិញទៅមក ក្នុងការទទួលបានលទ្ធផលល្អ គាប់ប្រសើរ ដើម្បីពង្រីកកិច្ចសហការ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាសមាជិក នៃសមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA)។

បន្ទាប់ពីថ្លែងសុន្ទរកថាបើក នៃមហាសន្និបាត លើកទី៥ ពីសំណាក់ប្រធានអង្គភាព COMWEL នៃសាធារណៈរដ្ឋកូរ៉េ និងជាប្រធានសមាគម AWCA លោកប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាអនុប្រធាន សមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA) ក៏បានថ្លែងបញ្ជាក់ឱ្យដឹងដែរថា មហាសន្និបាតនេះ គឺធ្វើឡើងជារៀងរាល់ ២ឆ្នាំម្តង ដើម្បីពិនិត្យ និងពិភាក្សាឡើងវិញ នូវប្រសិទ្ធភាពការងារ និងលទ្ធផលសម្រេចបានកន្លងមក របស់សមាជិកនៃសមាគម តាមរយៈការចែករំលែក ចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ នៃការអនុវត្តជាមួយគ្នា ទៅវិញទៅមក ក្នុងការទទួលបាន ផលប្រយោជន៍រួម ដើម្បីពង្រីកកិច្ចសហការ និងពង្រឹងកិច្ចសហប្រតិបត្តិការ យ៉ាងស្អិតរមួតជាមួយបណ្តាសមាជិក នៃសមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA) សម្រាប់អនុវត្តសំណងគ្រោះថ្នាក់ ការងាររបស់កម្មករ និយោជិត ស្របតាមបរិបទ នៃប្រទេសនីមួយៗ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា មហាសន្និបាតលើកទី៥ នៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ដែលបានប្រារព្ធឡើង ពេញមួយរសៀលថ្ងៃនេះ បានលើកយកចំណុចសំខាន់ៗ មួយចំនួន ដើម្បីពិនិត្យ និងពិភាក្សារួមគ្នា ដូចជា៖
១). របាយការណ៍អំពីសកម្មភាព និងលទ្ធផលសម្រេចបាន របស់សមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA) ឆ្នាំ២០១៩-២០២១
២). ការអនុម័ត លើការកែសម្រួល “ប្រការ” នៃសេចក្តីថ្លែងការណ៍ របស់សមាគមសំណងគ្រោះថ្នាក់ ការងារអាស៊ី (AWCA)
៣). ការអនុម័ត លើសេចក្តីថ្លែងការណ៍រួមថ្មី របស់សមាគម សំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA)
៤). ការអនុម័ត លើគោលការណ៍ណែនាំ សម្រាប់គណៈកម្មការបច្ចេកទេស របស់សមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA TC)
៥). ការបោះឆ្នោតជ្រើសតាំង លោក Mohammed Azman Aziz នាយកប្រតិបត្តិ នៃអង្គភាពសន្តិសុខសង្គម (SOCSO) នៃប្រទេសម៉ាឡេស៊ី ជាប្រធានក្នុងអាណត្តិ ២០២២-២០២៣ នៃសមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA)
៦). ផែនការសកម្មភាពឆ្នាំ ២០២២-២០២៣ នៃសមាគមសំណងគ្រោះថ្នាក់ ការងារអាស៊ី (AWCA)។

គួរឱ្យដឹងផងដែរថា សមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (Asian Workers’ Compensation Association, AWCA) ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ២០១២ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍសំណង គ្រោះថ្នាក់ការងារ ឬរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ នៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី សម្របសម្រួលឱ្យមានការផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ នៅក្នុងរបបដូចគ្នា ក៏ដូចជាបង្កើនអត្ថប្រយោជន៍រួម ក្នុងបណ្តាប្រទេសជាសមាជិកទាំង១០ រួមមាន ថៃ វៀតណាម ស្រីលង្កា សាធារណៈរដ្ឋកូរ៉េ ហ្វីលីពីន ម៉ុងហ្គោលី ម៉ាឡេស៊ី ឡាវ ឥណ្ឌូនេស៊ី រួមទាំងកម្ពុជាយើងផងដែរ៕

To Top