សម្តេចតេជោ អរគុណ ឆែក បានលុបបំណុលមួយ ចំនួនធំពីកម្ពុជា ខណៈបំណុលសេសសល់ បង្វែមកជួយក សាងសាលារៀន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលឆែក បានលុបបំណុល ពីកម្ពុជាមួយចំនួនធំ ហើយបំណុល នៅសេសសល់មកបង្វែ ជួយសាងសង់សាលារៀន និងវិស័យសង្គម កិច្ចជាដើមវិញ ។
ក្រោយបញ្ចប់ជំនួបពិភាក្សា ការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន សរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក ថា «ថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជា ពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ។ លើសពីនេះទៅទៀត ក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុល ដែលនៅសេសសល់ បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម»។
ពាក់ព័ន្ធទៅនឹងបេសកកម្មការទូត សម្ដេចតេជោ ក៏បានស្នើទូតឆែកថ្មីឲ្យយកចិត្តទុកដាក់ទៅលើការ ជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស។
ឆ្លៀតឱកាសនោះ សម្ដេចតេជោ បានប្រាប់ទូតឆែកថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹង ចាក់រហូតដល់១០លាននាក់ នៅត្រឹម ខែវិច្ឆិកា ខាងមុខនេះ។
ជាកាឆ្លើយតប ឯកអគ្គរាជទូតឆែកថ្មី ក៏បានសន្យា ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញ កិច្ចសហប្រតិបត្តិការលើ វិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ ។
សូមបញ្ជាក់ថា បើស្ថិតិផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុ និងហិរញ្ញវត្ថុបង្ហាញថា បំណុលរដ្ឋជំពាក់បរទេសបានកើនឡើងពីរង្វង់ ៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៥ មកដល់ ៨,៨ ពាន់លានដុល្លារនៅឆ្នាំ២០២០ ហើយក្នុងឆ្នាំ២០២១នេះ បើតាមគម្រោងរបស់រដ្ឋាភិបាល បំណុលនឹងនេះកើនដល់រង្វង់ ១០ ពាន់លានដុល្លារ៕
សមាគមចិញ្ចឹមត្រី ថ្កោលទោសបុគ្គល ខាន់ សុវណ្ណ ដែលនិយាយថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី
ភ្នំពេញ៖ ក្នុងតំណាងឲ្យអ្នកចិញ្ចឹមត្រី សមាគមវារីវប្បករនៅកម្ពុជា បានថ្កោលទោសចំពោះបុគ្គលខាន់ សុវណ្ណដែលនិយាយថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរ នៅក្នុងទន្លេនោះ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់សមាគមវារីវប្បករនៅកម្ពុជា នាថ្ងៃទី១៤ មិថុនាបានឲ្យដឹងថា “សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះភាសា និងសម្តីបែបប្រមាថមើលងាយ ដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មានការទទួលខុសត្រូវ មិនមានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ និងមានចរឹកគួរឲ្យខ្ពើមរអើមបំផុត” ។
សមាគមវារីវប្បករនៅកម្ពុជាបន្តថា តាមពិតជាក់ស្តែង ប្រជាពលរដ្ឋខ្មែរចេះចិញ្ចឹមត្រី យូរយារណាស់មកហើយ។ សមាគមនេះ លើកឡើងទៀតថា ការនិយាយស្រែកដោយកំហឹង អសុរសនិងបញ្ចេញចរឹកច្រឡោងខាម របស់បុគ្គល ខាន់ សុវណ្ណបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់អារម្មណ៍ពលរដ្ឋខ្មែរ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធដែល បាននិងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម។
សមាគមវារីវប្បករនៅកម្ពុជា ក៏បានអំពាវនាវឲ្យស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការណ៍ជាមួយសម្តីបែបអគតិ និងចរឹកដ៏គួរឲ្យស្អប់ខ្ពើមនេះ ហើយថា បុគ្គលនេះ ត្រូវតែចេញមុខមកបំភ្លឺ និងសុំទោសជាសាធារណៈ ដោយមិនលើកលែងឡើយ ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញវិធានការណ៍រដ្ឋបាល ឲ្យប្រជាពលរដ្ឋរស់នៅផ្ទៃទឹក ដែលភាគច្រើនត្រូវបានដឹងថា ជាជនជាតិវៀតណាមរុះរើផ្ទះលើផ្ទៃទឹក បែរចិញ្ចឹម និងសំណង់មិនរាបរយផ្សេងៗ កាលពីថ្ងៃ១២ មិថុនា ក៏ស្រាប់តែ បុគ្គលខាន់ សុវណ្ណ បាននិយាយឡាយក្នុងបណ្តាញ សង្គមហ្វេសប៊ុកថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរ នៅក្នុងទន្លេនោះ ៕
លោក សយ សុភាព៖ ថៃមិនផ្ដល់សញ្ជាតិ ឲ្យវៀតណាម-ចិន ទោះរស់នៅ រហូតដល់ជិតស្លាប់
ភ្នំពេញ ៖ លោក សយ សុភាព ជាអ្នកតាមដានបញ្ហា បណ្ដាញផ្ទះបណ្ដែតទឹក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរថៃ មិនផ្តល់សញ្ជាតិ ឲ្យនិគមន៍ជនវៀតណាម និងចិននោះទេ ទោះបីជាពួកគេរស់នៅ រហូតដល់ជិតស្លាប់ ទៅវិញក៏ដោយ ។
តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក សយ សុភាពបានរៀបរាប់ថា សម័យកាលតស៊ូរំដោះជាតិ អាណានិគមន៍និយមបារាំង លោក ហូ ជីមិញ បានបង្កើតសមាគមវៀតណាម ជារូបភាព តែខ្លឹមសារ គឺបង្កើតចលនា (បក្សកុម្មុយនិស្តឥណ្ឌូចិន)។ លោក ហូ ជីមិញ ថែមទាំងធ្លាប់បានស្នាក់នៅ ទីនោះទៀតផង។
លោកបញ្ជាក់ថា “និគមន៍ជនវៀតណាម បានធ្វើសកម្មភាព និងផ្តល់មធ្យោបាយ ជួយសមាគមថែមទៀត រហូតចលនាវៀតមិញ ដេញបារាំងចេញពីស្រុក។ ថៃរហូតមកដល់ពេលនេះ មិនដែលបានទទួលស្គាល់ និគមន៍ជនវៀតណាមទាំងនោះ ឲ្យចូលសញ្ជាតិទេ ដោយត្រឹមតែឲ្យស្នាក់នៅ តែប៉ុណ្ណោះ។ ចំណែកនិគមន៍ជនចិន ក៏ដូច្នេះដែរ” ។
លោកបានលើឧទាហរណ៍ថា ករណីអតីតនាយករដ្ឋមន្ត្រីថៃ លោក បានហាន សិល្បៈអាចារ្យ ត្រូវបានទំលាក់ពីតំណែង នៅចុងឆ្នាំ១៩៩៥ ដោយចោទថា លោក បានហាន ជានិគមន៍ជនចិន រស់នៅខុសច្បាប់ ហើយបាតុកម្មទាមទារ ឲ្យលោកចុះពីតំណែង។
លោកថា តាមរយៈកិច្ចសំភាសន៍ របស់វិទ្យុអាស៊ីសេរី ទោះបីប្រធានសមាគមវៀតណាម បាននិយាយថា រស់នៅយូរឆ្នាំ ឬកើតនៅស្រុកខ្មែរក៏ដោយ សូមមើលករណីដូចគ្នា នៅថៃ ។ ពេលនេះប្រទេសខ្មែរ មានសន្តិភាព ១០០ភាគរយ ដែលខ្មែរមិនធ្លាប់មាន ក្រោយសម័យអាណាចក្រអង្គរដ៏រុងរឿង។ ខ្មែរត្រូវការរួបរួមជាតិ ពិតប្រាកដ កសាងប្រទេស ថែរក្សាអធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។
លោកបន្ថែមថា កត្តាដែលខ្មែរក្លាយជា ម្ចាស់ប្រទេស ពិតប្រាកដគឺនយោបាយ ឈ្នះ ឈ្នះ របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ២៩ ធ្នូ ១៩៩៨ ៕
លោក សុខ ឥសាន ៖អាជ្ញាធរ វៀតណាម ក៏មិនអនុញ្ញាតឲ្យរស់នៅអាណាធិបតេយ្យតាមផ្លូវ និងទន្លេដែរ
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា គ្មានប្រទេសណាមួយអនុញ្ញាតឲ្យមានអន្តោប្រវេសន៍ខុសច្បាប់មកនៅខុសច្បាប់ និងអាណាធិបតេយ្យក្នុងប្រទេសគេទេ បើទោះបីអាជ្ញាធរវៀតណាមក៏មិនអនុញ្ញាតឲ្យតាំងទីលំនៅដ្ឋានខុសច្បាប់ និងបែបអាណាធិបតេយ្យតាមផ្លូវ និងទន្លេដែរ ។
លោកថ្លែងបន្តតាមបណ្តាញតេឡេក្រាមទៀតថា រាជរដ្ឋាភិបាលកម្ពុជាគាំពារតែអ្នករស់នៅស្របច្បាប់ទេចំពោះជនបរទេសខុសច្បាប់ ត្រូវអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ និងសញ្ជាតិ ។
លោកថា រាជរដ្ឋាភិបាលកម្ពុជាមានផែនការរៀបចំស្របទៅតាមគោលការណ៍ច្បាប់ និងប្រកបដោយមនុស្សធ៌ម គោរពសិទ្ធិមនុស្សដោយមិនប្រកាន់ទៅលើជនជាតិណាមួយទេ ។
ចំពោះការបណ្តេញសំណង់មិនរៀបរយនៅលើទន្លេ និងតាមមាត់ទន្លេចេញ លោកថា គឺជាការសំអាតបរិស្ថានទន្លេ ដើម្បីអនាម័យទាំងអស់គ្នា ។
សូមបញ្ជាក់ថា ក្រោយអាជ្ញាធរភ្នំពេញចេញវិធានការរដ្ឋបាលដល់ពលរដ្ឋរស់នៅលើផ្ទៃទឹកដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានមន្រ្តីជាន់ខ្ពស់របស់ប្រទេសវៀតណាមបានចេញប្រតិកម្មក៏ដូចជាមិនពេញចិត្តផងដែរ ។ ក្នុងនោះសមាគមវៀតណាមប្រចាំកម្ពុជាបានចេញសេចក្តីប្រកាស មិនឲ្យប្រជាជនខ្លួនវិលត្រឡប់ទៅវិញដោយសារច្រកទ្វារព្រំដែនប្រទេសទាំងពីរ ត្រូវបានបិទព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩កំពុងផ្ទុះ។
គួររំលឹកថា ការឲ្យម្ចាស់ផ្ទះបណ្តែត ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរុះរើចេញកំពុងក្លាយប្រធានបទក្តៅក្នុងការជជែកវែកញែកគ្នានៅតាមបណ្តាញសង្គមហ្វេសប៊ុកពីសាធារណមតិ ក្រោយរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យរុះរើ កាលពីថ្ងៃ២ មិថុនា ៕
សភាបញ្ជូនបេក្ខជន២រូប ទៅបក្សប្រជាជនជ្រើសរើស១រូប មុនឈានដល់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យធ្វើប្រធាន គ.ជ.ប
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបញ្ជូនបេក្ខជន២រូបដែលដាក់ពាក្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសយក១រូប ដើម្បីដាក់ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅពេលខាងមុខសម្រាប់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានគ.ជ.ប ។
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជន១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃ៤ មិថុនា កន្លងមកនេះ លោក ស៊ិក ប៊ុនហុកប្រធានគ.ជ.បបានដាក់ពាក្យលាឈប់ពីប្រធានដោយសារមានជំងឺ ។ ក្រោយដាក់ពាក្យលាឈប់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏ប្រកាសជ្រើសរើសបេក្ខជនឈរឈ្មោះជាបេក្ខភាព ប្រធាន គ.ជ.ប ជំនួស ។
លោក ស៊ិក ប៊ុនហុក មានវ័យ៧៥ឆ្នាំ គិតនៅឆ្នាំ២០២១នេះ ។ លោក ស៊ិក ប៊ុនហុក រួមទាំងសមាសភាពគ.ជ.ប ៨រូបទៀត ត្រូវបានរដ្ឋសភាបោះឆ្នោតអនុម័តជាឯកច្ឆ័ន្ទកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ក្រោយការសម្របសម្រួលនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ តាមរូបមន្ត៤-១-៤ (គណបក្សប្រជាជនកម្ពុជា៤រូប សង្គមស៊ីវិល១រូប និងអតីតគណបក្សសង្គ្រោះជាតិ៤រូប) ៕
លោក សុខ ឥសាន៖ អាមេរិកចោទថា មានមូលដ្ឋានទ័ពចិននៅរាម ដើម្បីដាក់គំនាបកម្ពុជា
ភ្នំពេញ៖ “សហរដ្ឋអាមេរិកមិនគួរចង់ ដើរជាន់ដានចាស់នៅអ៊ីរ៉ាក់ទេ ចង់ចោទថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដើម្បីដាក់គំនាបមកលើកម្ពុជា” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជានាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលបានលើកឡើងក្នុងបណ្តាញតេឡេក្រាម។
លោកបន្តថា អាមេរិកដែលមានគោលបំណង ទៅពិនិត្យភាពការណ៍ទូទៅ នៅផែសមុទ្ររាមនោះ ការពិតទៅពេលទៅដល់ជាក់ស្តែង បែរជាចង់ធ្វើអធិការកិច្ចទៅលើផែសមុទ្ររាម ដើម្បីស្វែងរកមូលដ្ឋានទ័ពចិនទៅវិញ ។
កាលពីថ្ងៃ១១ មិថុនា យោងតាមការផ្សព្វផ្សាយរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកវរសេនីយឯក Marcus M. Ferrara អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានធ្វើដំណើរទៅរាម នៅថ្ងៃ១១ មិថុនា ប៉ុន្តែក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យ អនុព័ន្ធយោធារូបនេះបានទៅមើល គ្រប់កន្លែងក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ នៅពេលដឹងច្បាស់ថា ខ្លួនមិនត្រូវបានអនុញ្ញាត ឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជា កំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើល គ្រប់កន្លែងក្នុងពេលខាងមុខឲ្យបានឆាប់បំផុត។
ការទៅមើលមូលដ្ឋានកងទ័ពជើងទឹករាម របស់អនុព័ន្ធយោធាប្រចាំ ស្ថានទូតអាមេរិកនៅកម្ពុជា ក្រោយពីលោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា បានសម្តែងក្តីបារម្ភចំពោះវត្តមាន មូលដ្ឋានយោធារបស់សាធារណរដ្ឋ ប្រជាមានិតចិនណាមួយនៅកម្ពុជា ។ លោកស្រីអនុរដ្ឋមន្រ្តីការបរទេស បានសម្តែងកង្វល់ជាខ្លាំងលើវត្តមានយោធា ចិន និងការកសាងទីតាំងនៅមូលដ្ឋាន ជើងទឹករាមក្នុងឈូងសមុទ្រថៃ។ លោកស្រីក៏បានសុំការបំភ្លឺ លើការវាយកំទេចអគារចំនួន២ ដែលបានទទួលជំនួយថវិកាពីអាមេរិកនៅរាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ជាមុន ។
លោកស្រីមើលឃើញថា មូលដ្ឋានយោធារបស់ចិនណាមួយនៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពកម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា ៕
អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បញ្ជាក់ថា ការគ្រប់គ្រងតាំងទីលំនៅ និងរៀបចំសណ្តាប់ធ្នាប់ លំនៅដ្ឋាន ជាតួនាទីភារកិច្ច របស់អាជ្ញាធរដែនដី
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំ សណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ច របស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ឡើយ ។
ការចេញមកឆ្លើយតបែបនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានទទួលមតិពី លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចោទសួរថា ឥឡូវដល់វេនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តង តើថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានហ៊ាន ឬមិនហ៊ាន អនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ចំពោះនិគមន៍ជនយួន ដែលរស់នៅបង្កអាណាធិបតេយ្យ បំពុលបរិស្ថានទន្លេ ។
យោងតាមសេចក្ដីបំភ្លឺ កាលពីថ្ងៃទី១៥ មិថុនា បានឲ្យដឹងថា ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិ របស់លោកនាយក សារព័ត៌មានដើមអម្ពិល ជុំវិញការអនុវត្តច្បាប់ស្តីពី អន្តោប្រវេសន៍លើជន បរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់ តាមដងទន្លេ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានអះអាងថា «ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់ លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ឡើយ ។ ភារកិច្ចស្នូលអគ្គនាយកដ្ឋាន មានតួនាទីភារកិច្ច ធ្វើជាសេនាធិការ ជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រង ជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ ចំពោះជនបរទេស ដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា» ។
ប្រភពបន្តថា កន្លងមកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ចំពោះជនបរទេសខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ជាតិ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណដល់ លោកនាយកសារព័ត៌មានដើមអម្ពិល ចំពោះមតិដែលបានលើកឡើង ដែលបង្ហាញអំពីស្មារតីចូលរួម ក្នុងការការពារផលប្រយោជន៍របស់ប្រទេសជាតិ ។ ដោយឡែកដើម្បីប្រែក្លាយស្មារតីនេះ ទៅជាលទ្ធផលជាក់ស្ដែង អគ្គនាយកដ្ឋាន ស្នើសុំលោកនាយកសារព័ត៌មាន ផ្តល់កិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានជាក់លាក់ អំពីជនបរទេសខុសច្បាប់ ដើម្បីអគ្គនាយកដ្ឋាន ចាត់កម្លាំង ទៅធ្វើការត្រួតពិនិត្យ ស្របតាមនីតិវិធីច្បាប់ ៕
លោក វន់ ពៅ ៖ កូវីដ១៩ធ្វើឲ្យកម្មករបម្រើ តាមផ្ទះមួយចំនួន បាត់បង់ការងារ ដោយម្ចាស់ផ្ទះ បរទេសវិល ទៅប្រទេសគេវិញ
ភ្នំពេញ ៖ ស្ថានភាពជំងឺកូវីដ១៩ នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ននេះ បានធ្វើឲ្យអ្នកធ្វើការងារ តាមផ្ទះមួយ ចំនួន ត្រូវបាត់បង់ដោយសារ ម្ចាស់ផ្ទះជាជនបរទេស បង្ខំចិត្តវិលត្រឡប់ ទៅប្រទេស កំណើតវិញ ។ នេះជាការឲ្យដឹងពីលោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ។
លោក វន់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នាថ្ងៃ១៦ មិថុនានេះ គឺជាទិវាកម្មករការងារផ្ទះ អន្តរជាតិខួបលើកទី១០ ។ ក្នុងឱកាសនេះ លោកបានលើកឡើងថា “ការងារកម្មករធ្វើការ តាមផ្ទះបច្ចុប្បន្ន ឃើញថា អ្នកមួយចំនួនបាត់បង់ការងារ ដោយសារស្ថានភាព ជំងឺកូវីដ១៩ ជាពិសេសម្ចាស់ផ្ទះ ដែលជាជនបរទេស ត្រឡប់ទៅស្រុកវិញ” ។
លោកបន្តថា សព្វថ្ងៃកម្ពុជាមិនទាន់មានច្បាប់ ឬក៏ឯកសារគតិយុទ្ធផ្សេងៗ សម្រាប់គាំពារអ្នកធ្វើការងារ តាមផ្ទះនៅឡើយទេ ទោះបីមានច្បាប់ការងារ គ្រប់ដណ្តប់ទៅលើអ្នកធ្វើការតាមផ្ទះ ឬ ច្បាប់ស្តីពី របបសន្តិសុខសង្គម និងសេចក្តីប្រកាស របស់ក្រសួងការងារក៏ដោយ ប៉ុន្តែរាល់ការអនុវត្ត មិនទាន់មានប្រសិទ្ធភាព ដើម្បីធានាដល់ការរស់នៅ និងលក្ខខណ្ឌការងារសមរម្យ សម្រាប់ពួកគាត់ទេ ។ ទើបក្នុងឱកាសនេះ លោក វន់ ពៅបានស្នើប្រមុខ រាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ផ្សេងៗ ដើម្បីការពារសិទ្ធិដល់អ្នកបម្រើការងារ នៅតាមផ្ទះ ។
លោកថា ត្រូវផ្តល់សច្ចាប័ន ផ្តល់អនុសញ្ញាលេខ១៨៣ ក្នុងការគាំពារមាតុភាព និងអនុសញ្ញា១៨៩របស់អង្គការពលកម្មអន្តរជាតិ(ILO) ដើម្បីធានាដល់ភាពសមរម្យ សម្រាប់អ្នកធ្វើការងារតាមផ្ទះ ទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះផ្តល់អនុសញ្ញាលេខ១៩០ ស្តីពីការបញ្ឈប់ការបៀតបៀន ក្នុងពិភពការងារ។ និយាយរួម ត្រូវផ្តល់កិច្ចការពារឲ្យដូចកម្មករដទៃទៀតផងដែរ ។
សូមបញ្ជាក់ថា យោងរបាយការណ៍ អង្គការ ILO កាលពីឆ្នាំ២០១៨ កម្ពុជាមានកម្មករបម្រើការងារ នៅផ្ទះចំនួន២៤ម៉ឺននាក់ និង១លាននាក់ ទៅទូទាំងពិភពលោក ៕
អាមេរិក ផ្ដាច់ជំនួយកម្ពុជា ដោយសារការកាប់ឈើខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃ
ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិកបានសម្រេចផ្ដាច់ជំនួយពីកម្ពុជាដោយសារការកាប់ឈើខុសច្បាប់នៅតែបន្តមានក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរមិនបានកាត់ទោសសមល្មមចំពោះបទល្មើសសត្វព្រៃ ។
ទោះបីផ្តាច់ជំនួយលើផ្នែកនេះ តែអាមេរិកនៅតែអះអាងថា នឹងបន្តជួយលើផ្នែកផ្សេងទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយផ្នែកឯកជន ។
យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាមេរិក និងកម្ពុជាមានបំណងដូចគ្នាក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ អាមេរិកបានចំណាយថវិកាជាង១០០លានដុល្លារលើកម្មវិធីមួយចំនួនសម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះនៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។
ស្ថានទូតបន្ដថា ថ្វីបើកម្ពុជាសម្រេចបានដំណើរចម្រើនទៅមុខខ្លះ ក្នុងការការពារបរិស្ថានក្តី តែអាមេរិក បានសម្តែងកង្វល់ម្តង ហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើដែលនៅតែមានច្រើនក្នុងតំបន់ការពារ ពិសេស នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ជាទីដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយធនធានជាច្រើន។
ស្ថានទូតបញ្ជាក់ថា «យើងបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការច្រើនថែមទៀតរវាងរដ្ឋាភិបាលកម្ពុជា សហគមន៍ មូលដ្ឋាន និងសង្គមស៊ីវិលដើម្បីរកដំណោះស្រាយដើម្បីការពារព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងអស់ និងពិភពលោក។ វាជាការគួរឲ្យស្តាយដែលស្ថានភាពកំពុងតែកាន់តែអាក្រក់ទៅ»។
ស្ថានទូតបន្ថែមថា តាំងពីឆ្នាំ ២០១៦មក ទោះជាមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីឲ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រង តំបន់ការពារថ្នាក់ជាតិក៏ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែលនូវផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើ នៅទី នោះ។
ស្ថានទូតរៀបរាប់ថា “ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់នៅតែបន្តមានក្នុងនិងជុំវិញ ដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរកម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះឡើយ។ លើសពីនេះទៀត អាជ្ញាធរបានបន្តបំបិទសំឡេង ហើយធ្វើទុក្ខសហគមន៍ មូលដ្ឋាន និងសង្គមស៊ីវិលដែលជាដៃគូរបស់គេដែលបង្ហាញកង្វល់ដ៏សមហេតុផលលើការបាត់បង់ធនធានធម្មជាតិរបស់គេ” ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានលើកឡើងទៀតថា «ដោយសារមានបញ្ហាទាំងនេះដែលមិនត្រូវបានដោះស្រាយ សហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយ អាមេរិក USAID ។ ជំនួយ របស់សហរដ្ឋអាមេរិកនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងារ របស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅនិងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន»។
ស្ថានទូតអះអាងថា អាមេរិកនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុដែលជាកង្វល់រួមទាំងអស់គ្នា និងរបស់ពិភពលោក ដោយរួមទាំងការធ្វើការតាមរយៈ កិច្ចសហការជាដៃគូរវាង សហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ៕
លោក ថាច់ សេដ្ឋា បដិសេធមិនជាប់ពាក់ព័ន្ធនឹងការបង្កើតគណបក្ស បេះដូងជាតិកម្ពុជា
ភ្នំពេញ ៖ គណបក្សថ្មីមួយទៀតរៀបចំនឹងចេញពន្លឺជាបណ្តើរៗហើយ ក្រោយពីក្រសួងមហាផ្ទៃបានតំណាងបំពេញបែបបទឲ្យត្រឹមត្រូវតាមលក្ខន្តិកៈ។ គណបក្សនយោបាយថ្មីនេះ មានឈ្មោះថា “គណបក្សបេះដូងជាតិកម្ពុជា” ដែលកើតចេញមកពីសមាសភាពរបស់អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដែលស្និតនឹងលោក សម រង្ស៊ី ។
សមាសភាពថ្មីបក្សនេះត្រូវបានប្រភពមិនបញ្ចេញឈ្មោះបង្ហើបថា មាន លោក ថាច់ សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិដែលបានសុំសិទ្ធិធ្វើនយោបាយកាលពីចុងឆ្នាំ២០២០ជាអ្នកផ្តួចផ្តើម លោក សៀម ភ្លុក ជាតំណាងស្ថាបនិកគណបក្សបេះដូងជាតិកម្ពុជា និងកញ្ញាស៊ីន ចាន់ពៅរ៉ូស្សិត ។ លោក សៀម ភ្លុកត្រូវបានគេដឹងថា ជាអ្នកចេញមុខសុំច្បាប់ទៅក្រសួងមហាផ្ទៃដើម្បីបង្កើតបក្ស។
ប៉ុន្តែទោះបីជាមានប្រភពច្បាស់ការណ៍បញ្ជាក់ថា លោក ថាច់ សេដ្ឋា ជាអ្នកផ្តើមគំនិតក៏ដោយ ក៏លោកបានបដិសេធថា មិនបានដឹងរឿងបង្កើតបក្សថ្មីនេះទេ ។ លោកថា ខ្លួនក៏បានឃើញតែនៅតាមបណ្តាញសារព័ត៌មាននានាចុះផ្សាយដែរ តែលោកខ្លួនឯងផ្ទាល់មិនដឹងអ្វីសោះ។
លោក ថាច់ សេដ្ឋា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៧ មិថុនា ថា “ឃើញតែគេផ្សាយ ចឹងទៅសួរគេផ្សាយទៅ មកសួរអីខ្ញុំ បើខ្ញុំធ្វើ ខ្ញុំផ្សាយហើយ ទៅលាក់លៀមអីខ្ញុំ”។
ឆ្លើយតបទៅនឹងសំណួរថា តើក្រោយពីបានសិទ្ធិនយោបាយហើយ លោកអត់មានទៅចុះចូលជាមួយគណបក្សនយោបាយណា ឬបង្កើតខ្លួនឯងទេ? លោកថា មិនទាន់មានគម្រោងអ្វីទេ ព្រោះបច្ចុប្បន្នជាប់រវល់ជាមួយការងាររបស់សហគមន៍ខ្មែរកម្ពុជាក្រោម។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃ៩ មិថុនា បានឲ្យដឹងថា គណបក្សថ្មីនេះបានស្នើសុំចុះបញ្ជីផ្លូវការនៅក្រសួង កាលពីថ្ងៃ៣ មិថុនា ហើយថ្ងៃ៩ មិថុនា ក្រសួងបានឲ្យរៀបចំសញ្ញាសម្គាល់របស់បក្សស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ៕
WB ៖ សេដ្ឋកិច្ច របស់កម្ពុជា កំពុងរើបឡើងវិញ ប៉ុន្តែនៅមិនប្រាកដប្រជា
ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា នឹងទទួលបានកំណើន ជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយក្នុងឆ្នាំ២០២០ ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងណាក្តីការរើបឡើងវិញនេះ មានលក្ខណៈមិនដូចគ្នាទេ នៅតាមផ្នែកនានា នៃសេដ្ឋកិច្ច ហើយវាក៏ស្ថិត នៅក្នុងសភាព ផុយស្រួយ នៅឡើយដែរ ។ មួយផ្នែកដោយសារ តែវិធានការបិទខ្ទប់ ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាល នៃការឆ្លងវីរុសកូវីដ១៩ ។ ធនាគារពិភពលោក បាននិយាយដូច្នេះ នៅក្នុងរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះទៅការរើបឡើងវិញ ។
ធនាគារពិភពលោកបន្ដថា ខណៈវិស័យមួយចំនួន មានការរីកចម្រើន តែផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាត នៃជំងឺកូវីដ១៩ ។ វិស័យកសិកម្ម នៅរក្សាភាពធន់ បានគួរសមដោយសារ តែមានតម្រូវការខ្លាំង អមដោយការនាំចេញ ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលកម្ពុជា និងចិនបានចុះហត្ថលេខាជាមួយគ្នា ។ ផ្នែកឧស្សាហកម្មផលិត ក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួន ទៅតាមលក្ខខណ្ឌ ប្រែប្រួលនៅខាងក្រៅ។
ធនាគារពិភពលោកបន្ថែមថា អាជីវកម្មបោះដុំ និងលក់រាយ បានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាព សេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញ បន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានា នៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ , ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះ នៃទេសចរណ៍ ក្នុងស្រុកនិងអន្តរជាតិ ។ ការវិនិយោគផ្ទាល់ពីបរទេស នៅតែហូរចូលឥតដាច់ព្រមទាំងជួយទ្រទ្រង់ ដល់វិស័យក្រៅប្រទេសផងដែរ។
ប្រភពដដែលបញ្ជាក់ថា ទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជា នៅតែប្រឈមនឹងភាព មិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និងល្បឿន នៃដំណើររើបឡើងវិញនេះ អាស្រ័យស្ទើរតែទាំងស្រុង ទៅលើសភាពរបស់វីរុស និងទៅលើល្បឿន នៃការចាក់វ៉ាក់សាំងការពារ។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគារ ពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «ដូចប្រទេសជាច្រើនទៀត នៅក្នុងតំបន់ដែរកម្ពុជា បានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោក ដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឲ្យមនុស្សក្នុងប្រទេសបានជាង៣លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់»។
លោកស្រី បានបន្ថែមទៀតថា ធនាគារ ពិភពលោក នៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយប្រទេសនេះបន្ថែមទៀត ក្នុងការប្រយុទ្ធនឹងការឆ្លង រាតត្បាតនៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឲ្យមានភាពធន់រឹងមាំឡើងវិញ ៕
ទូតបារាំង អះអាងថា កម្ពុជា មិនដូចអ្វីដែលអ្នកដទៃ មើលមក ពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ
ភ្នំពេញ៖ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានចេញមុខអះអាងថា កម្ពុជាគឺជាប្រទេស ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រ ជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃ មើលមកកម្ពុជា ពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ។
ការលើកឡើងបែបនេះ ស្របពេលដែលក្រុមប្រឆាំង និងបក្ខពួកមួយចំនួន តែងតែរិះគន់មិនសំចៃមាត់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងឱកាស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Eva Nguyen Binh បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ចំពោះមន្ត្រីរាជការកម្ពុជាទាំងអស់ ដែលកន្លងមកតែងតែ បានដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជូនចំពោះលោកស្រី។
លោកស្រី Eva Nguyen Binh បានគាត់សម្គាល់ឃើញថា រយៈពេល០៤ឆ្នាំ ក្នុងបេសកកម្មកាទូត របស់លោកស្រីនៅកម្ពុជា លោកស្រីបានជួបពិភាក្សាជាមួយសម្ដេចតេជោ ជាមួយមន្ត្រីកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលរាល់កិច្ចពិភាក្សាទាំងអស់ បានបង្ហាញពីភាព ត្រង់ទៅត្រង់មក មានភាពបើកចំហរ មានភាពស្មោះត្រង់ ដែលទាំងនេះជាកត្តាសំខាន់ ធ្វើឲ្យបេសកកម្មកាទូត របស់លោកស្រី មកកាន់កម្ពុជា បានទទួលជោគជ័យតាមការកំណត់ នោះគឺការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកស្រី បញ្ជាក់ថា «កម្ពុជាគឺជាប្រទេស ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រ ជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃ មើលមកកម្ពុជា ពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ»។
លោកស្រីបន្តថា នេះជាមូលហេតុ ធ្វើឲ្យរដ្ឋាភិបាលបារាំង ដូចជាវិស័យឯកជនបារាំង នៅបន្តជាមួយកម្ពុជា ចូលរួមចំណែកជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន និងចីរភាព។
លោកស្រី ក៏បានបន្ថែមទៀតថា បារាំងនឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស វិស័យវប្បធម៌ និងការថែរក្សាសន្តិភាព នៅក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។
លោកស្រី ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់ប្រជាជនកម្ពុជា និងជនបរទេសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសន្ដានចិត្ត ទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតំលៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រី Eva Nguyen Binh ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ក្នុងការបំពេញបេសកកម្មការទូត នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលបារាំង ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័រ បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។
សម្ដេចតេជោក៏បានជម្រាបជូនលោកស្រីទូតថា យុទ្ធសាស្ត្ររបស់កម្ពុជា គឺផ្ដល់វ៉ាក់សាំងជូនដល់គ្រប់គ្នាទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ដែលនេះជាជម្រើសចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលបារាំងដែលតែងតែផ្ដល់ ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្ត្រ ដែលបានជួយដល់ការពង្រឹង សមត្ថភាពគ្រូពេទ្យកម្ពុជា និងផ្ដល់ជាជំនួយហិរញ្ញប្បទានក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ។
ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោកស្រី Eva Nguyen Binh និងសូមជូនពរលោកស្រៅ ឲ្យទទួលបាននូវភាពជោគជ័យ ក្នុងបេសកកម្មរបស់លោកស្រី ជាបន្តបន្ទាប់ទៀត៕
លោក គិន ភា ៖ កូនខ្មែរកុំរវល់តែកាច់រាងមុខ TikTok នាំឲ្យខាតពេលវេលា ធ្វើកិច្ចការសំខាន់ៗជាងនេះ
ភ្នំពេញ ៖ បណ្តាញប្រព័ន្ធសង្គមនានា នាពេលបច្ចុប្បន្ន កំពុងតែវាយលុកខ្លាំង នៅទូទាំងពិភពលោក ក៏ដូចជាកម្ពុជាទាំងមូល ជាពិសេសប្រព័ន្ធសង្គម តិកតុក (Tiktok) កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់ ជាពិសេសយុវវ័យ និងក្មេងៗ ក្រោម១០ឆ្នាំ ឈ្លកវង្វេងជាខ្លាំង ដោយខ្លះស្ទើរតែភ្លេច បាយទឹកក៏មាន ។
ដោយមើលឃើញករណីនេះ លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឲ្យពលរដ្ឋដែលនិយមលេង TikTok កុំនាំគ្នារវល់តែកាច់រឹករាងនៅមុខបណ្តាញសង្គមមួយនេះពេក ព្រោះកាលណាបើជក់ហើយ នឹងនាំឲ្យខាតពេលវេលា ធ្វើកិច្ចការសំខាន់ៗ ជាងនេះ ដែលជាផលប្រយោជន៍ផ្ទាល់ខ្លួន និងជាតិផងដែរ។ ប៉ុន្តែលោកថា បណ្តាញសង្គមមួយនេះ ក៏បានធ្វើឲ្យមានប្រយោជន៍ ផងដែរ បើចេះប្រើប្រាស់វា ។
លោក គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ថា “សូមខិតខំឡើងបងប្អូនកូនខ្មែរយើងកុំរវល់តែកាច់រាងមុខ Tiktok បង្អួតដបស្រាក្នុងហ្វេសប៊ុក បង្ហោះម៉ូតូ បង្ហាញជីវិតហាយសូ ឬសម្ញែងសម្ភារៈ គឺមិនអាចជួយជាតិបានទេ”។
លោកថា មែនទែនទៅការបង្ហោះសារផ្ទាល់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុក គឺជាការសម្តែងមតិហើយ តែបានត្រឹមតែដឹងតែខ្លួនឯង និងគ្នាឯង។ តើមានបរទេសឯណាគេ ទៅដឹងសាររបស់យើង? គេចាប់អារម្មណ៍នឹងសាររបស់យើង?
លោកបន្តថា “បើសិនជាយើងមិនចេះប្រើទេ យើងអត់ចេះគ្រប់គ្រងពេលវេលា ហាក់បីដូចជាយើងបានចំណាយពេលវេលាច្រើនទៅលើបណ្តាញសង្គម វាធ្វើឲ្យយើងខាតពេលវេលាធ្វើកិច្ចការសំខាន់ៗជាងហ្នឹង។ នេះជាអ្វីដែលខ្ញុំចាប់អារម្មណ៍ពីការប្រើប្រាស់របស់យុវជនមួយចំនួន ឥឡូវយើងឃើញមានច្រើនយុវជនយើងប្រើតិកតុក ឬហ្វេសប៊ុកលើសលុប” ។
លោកថា ជាក់ស្តែងក្នុងបរិបទរៀនអនឡាញជួនកាលពួកគាត់អត់ព្រមរៀនជាមួយគ្រូទេ តែអនឡាញមកលេង TikTok ឬហ្វេសប៊ុកជាដើម ដោយអួតគ្នាពីកន្លែងដើរ ឬការហូបចុក ឬអ្វីផ្សេងពីនេះទៀត ។
ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាឲ្យដឹងទៀតថា ពិភពលោកបច្ចុប្បន្ន ជាពិភពលោកពោរពេញដោយការឡប់ប៊ី អ្នកណាពូកែនិយាយ អ្នកនោះទទួលបានការគាំទ្រ ទទួលបានផលប្រយោជន៍ ទទួលបានការអាណិតអាសូរ។ ជួនកាល ចោរក៏អាចក្លាយជាជនរងគ្រោះដ៏គួរឲ្យអាណិតបានដែរ។ ដូច្នេះកូនខ្មែរកុំគិតតែឈឺចាប់ ដោយមិនគិតគូរពង្រឹងសមត្ថភាពខ្លួនឯង។ បើមិនខិតខំទាំងអស់គ្នាទេ នោះទៅមុខមិនរួចទេ។
លោកគិន ភា បានប្រៀបយុវជនខ្មែរទៅយុវជននៅបណ្តាប្រទេសផ្សេងទៀតថា យុវជនប្រទេសគេគឺប្រឹងមែនទែនក្នុងការបង្កើតសមត្ថភាព ដោយបានបញ្ច្រៀបខ្លួនឲ្យចូលទៅបម្រើការងារក្នុងស្ថាប័នជាតិធំៗដូច្នេះយុវជនខ្មែរត្រូវតែខិតខំពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងដូចគេ ។
លោកថា “ពីនេះតទៅ យើងត្រូវតែខិតខំទ្វេឡើង បើគេដើរ យើងរត់ បើគេរត់ យើងរត់ឲ្យកាន់តែលឿន ទើបយើងអាចទៅមុខទាន់គេ។ គេមិនអាចដេកស្ងៀម រងចាំយើងដើរទៅទាន់គេ ហើយចាំបន្តដំណើរទៅទាំងអស់គ្នានោះទេ” ៕
ក្រសួងសុខាភិបាល ប្រកាសថា មិនទាន់មាន ឧបករណ៍តេស្តរហ័សសម្រាប់រកអង់ទីគ័រ ស្របច្បាប់ នៅកម្ពុជា
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជាគ្មាន ឧបរណ៍តេស្ដរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩រួច ហើយ អង្គការសុខភាព ពិភពលោក (WHO) ឬក្រសួងសុខាភិបាលកម្ពុជា ក៏បានមិនណែនាំ ឲ្យប្រើប្រាស់ដែរ ។
ការលើកឡើង របស់លោកស្រី ឱ វណ្ណឌីន ក្រោយពីមានប្រជាពលរដ្ឋមួយចំនួន បានផ្អើមនាំគ្នាទៅទិញ ឧបករណ៍តេស្ដរកអង់ទីគ័រ បន្ទាប់ពីពួកគាត់ បានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩រួច ។
លោកស្រី ឱន វណ្ណឌីន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ថា បច្ចុប្បន្នអត់មានឧបករណ៍ តេស្ដរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងរួចឡើយ ដូច្នេះសូមកុំយល់ច្រឡំ ។
លោកស្រីបញ្ជាក់ថា «ចឹងឧបករណ៍ដែលគាត់ប្រើប្រាស់ យើងអត់ទទួលស្គាល់ទេ ចឹងគាត់មិនអាចសន្និដ្ឋានថា គាត់មានអង់ទីគ័រ ឬគ្មានអង់ទីគ័រនោះទេ។ ក្រសួងសុខាភិបាល មិនទទួលស្គាល់តែម្ដង ការបកស្រាយថា មាន ឬមិនមាន ឬថា យកឧបករណ៍ណា យកមកប្រើប្រាស់ ។ ពីព្រោះយើងអត់ទាន់ មានឧបករណ៍ណាមួយ ដែលបានមកត្រួតពិនិត្យ ឬក៏ណែនាំឲ្យប្រើប្រាស់ គឺអត់ទាន់មានទេ»។
លោកស្រី ក៏បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ដែលចាក់វ៉ាក់សាំងរួច កុំចាញ់បោកទៅទិញ ឧបករណ៍តេស្ដរកអង់ទីគ័រ ព្រោះគ្មានប្រសិទ្ធភាពឡើយ។ បើកន្លែងណាលក់ ឧបករណ៍តេស្ដរកអង់ទីគ័រ ពេលចាក់វ៉ាក់សាំងរួច ក្រសួងសុខាភិបាល នឹងចាក់វិធានការ តាមផ្លូវច្បាប់។
លោកស្រី ឱ វណ្ណឌីនស្រីបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនទាន់មានអនុញ្ញាតប្រើប្រាស់ឧបករណ៍មើលអង់ទីគ័រ ហើយមិនដឹងថា ឧបករណ៍ហ្នឹងយ៉ាងម៉េចដែរ?។ ចឹងខ្ញុំសូមអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោក ចេះតែទៅប្រើប្រាស់»។
អ្នកនាំពាក្យរូបនេះបន្តថា ជាទូទៅអង្គការសុខាភាពពិភពលោក មិនណែនាំឲ្យទៅពិនិត្យអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩រួចដែរ។ លោកស្រីពន្យល់ថា មុនដាក់វ៉ាក់សាំង ឲ្យប្រើប្រាស់សុទ្ធតែធ្វើការវិភាគ និងស្រាវជ្រាវយ៉ាងត្រឹមត្រូវបំផុត ។ ទន្ទឹមនឹងនោះ អង្គការសុខភាពពិភពលោក ក៏មិនចេះតែទទួល ស្គាល់វ៉ាក់សាំងដែរ។
អ្នកនាំពាក្យក្រសួង ក៏បានអះអាងថា ឥឡូវនេះវ៉ាក់សាំងកំពុងប្រើប្រាស់នៅកម្ពុជា សុទ្ធតែជាវ៉ាក់សាំង ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក អង្គការសុខភាពពិភពលោក ទទួលស្គាល់និងសិក្សាយ៉ាងច្បាស់ថា វ៉ាក់សាំង ជាឧបករណ៍មួយ ដែលជួយជីវិតរបស់មនុស្ស ។
អ្នកនាំពាក្យបន្ដថា តើវ៉ាក់សាំងជួយរបៀបម៉េច? វាជួយបង្កើតកងការពារ នៅក្នុងខ្លួនមនុស្ស ដើម្បីវាយបកជាមួយវិរុសកូវីដ-១៩ នៅពេលវិរុសនោះ ឆ្លងចូលក្នុងសេរីរាងរបស់មនុស្ស ជាពិសេសនោះ ជួយទប់ទល់មិនឲ្យធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺកូវីដ-១៩ ហើយកាត់បន្ថយអត្រាម រណភាពបានច្រើនផងដែរ ។ អ្នកនាំពាក្យបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងមិនមែន ការពារមិនឲ្យឆ្លងកូវីដ-១៩ ឡើយ គឺប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដការពារខ្លួនជានិច្ច ដោយអនុវត្ត ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤១,៥៨១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៣៥,៩៤០នាក់ និងស្លាប់ ចំនួន ៣៩៤នាក់។
យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ មិថុនា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,១៩៩,៦៤២នាក់ ខណៈសម្រាប់គោលដៅចាក់ ឲ្យបាន១០លាននាក់នោះ មកទល់ពេលនេះបានចំនួន៣២.០០%ហើយ ៕
អគ្គនាយកអន្តោប្រវេសន៍ ស្នើឲ្យទូតវៀតណាម បន្តជំរុញកិច្ចសហការបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាម ខុសច្បាប់ នៅកម្ពុជា ទៅវិញឲ្យបានឆាប់
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើឲ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ។
ក្នុងឱកាសជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី១៧ មិថុនា លោកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុង ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។
ទន្ទឹមនឹងនេះ លោកទូត ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ ។
ជាការឆ្លើយតបនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានថ្លែងអំណរគុណផងដែរ ដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ:ទប់ស្កាត់ជម្ងឺ Covid-19 ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបានថ្លែងអំណរគុណដល់ ក្រសួងនគរបាលវៀតណាម ដែលបានផ្តល់វគ្គបណ្តុះបណ្តាល ជំនាញអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ។
ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលលោកទូតលើកឡើង នាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ បានជម្រាបជូនថា នឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។
ជាមួយគ្នានេះដែរ ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា នាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើឲ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ដែរថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមិនដែលមានការរើសអើងឡើយ ៕