ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បច្ចុប្បន្នអតីតយុទ្ធជនជាង ១០ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុក១៥ម៉ឺននាក់កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ (Videos)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ មានអតីតយុទ្ធជនចំនួន ១០១ ២៨៧ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥១ ០០៧ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។

តាមរយៈសារលិខិត អបអរសាទរ ក្នុងឱកាសខួបលើកទី១៤ នៃទិវាអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២១ មិថុនានេះ សម្ដេចតេជោបានមានប្រសាសន៍ថា នេះគឺជាទិវាប្រវត្តិសាស្ត្រដែលអតីតយុទ្ធជន និង ប្រជាពលរដ្ឋនៅទូទាំងកម្ពុជា បានប្រារព្ធខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាព ដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ ពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០១ ២៨៧ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥១ ០០៧ នាក់ កំពុងទទួល ប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ រាជរដ្ឋាភិបាលបានតំឡើងប្រាក់របបសន្តិសុខ សង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវ បន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែរបស់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្តដូចប្រាក់វិភាជន៍ គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកង កម្លាំងប្រដាប់អាវុធផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន»។

សម្ដេចបន្តថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបានូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង ២៥ រាជធានី ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គម រៀងរាល់ពីរសប្ដាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ រាជរដ្ឋាភិបាល បានផ្តល់ជូនប័ណ្ណថែទាំសុខភាព (បស.ស) ជូនជនពិការ និវត្តជន និងជនបាត់បង់ សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិន បាច់បង់ប្រាក់។

ក្រៅពីនេះរាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីត យុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ ភ្នំឆត នៅខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះផងដែរ សមាគមអតីតយុទ្ធជនកម្ពុជា និងសម្បុរសជននានា បានកសាងផ្ទះរាប់ ពាន់ខ្នងជូនបងប្អូនអតីតយុទ្ធជន នៅតាមបណ្តាសហគមន៍។

សមាគមអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ បាននិងកំពុងបំពេញ តួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់តួនាទី របស់អតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតីសាមគ្គីភាពជួយគ្ន ទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាព របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារព្រមទាំងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់ អតីតយុទ្ធជន និងគ្រួសារ ក្នុងការអភិវឌ្ឍប្រទេសជាតិ៕

To Top