ព័ត៌មានជាតិ

ឆមាសទី១ អាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យពលរដ្ឋ ក្នុងតំបន់អង្គរជួសជុលផ្ទះ និង សង់សំណង់ស្រាលៗ ៨៦៥ករណី

ភ្នំពេញ ៖ ឆមាសទី១ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យតាម ការស្នើសុំជួសជុល និងសាងសង់សំណង់តូចតាច ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ ចំនួន១៣៩៩សំណើ ក្នុងនោះ អនុញ្ញាតឲ្យប្រជាពលរដ្ឋ ចំនួន៨៦៥សំណើរ ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាន នៅស្រុកប្រាសាទបាគង ចំនួន១១៩ករណី ស្រុកអង្គរធំ ចំនួន២១៣ករណី ស្រុកពួក ចំនួន១២០ករណី ក្រុងសៀមរាប ចំនួន១៩១ករណី និងស្រុកបន្ទាយស្រី ចំនួន១៩៣ករណី រួមទាំង ក្រុមការងារក្រៅឧទ្យានអង្គរ ចំនួន២៩សំណើ សរុបចំនួន៨៦៥សំណើ។

លើសពីនេះ ក្រុមការងារសហគមន៍ បានចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសាសនាដូចជា ជួយឧបត្ថម្ភថវិកា និងសម្ភារប្រើប្រា ដល់ចាស់ជរា ជនពិការ កុមារមានជំងឺ គ្រួសារខ្វះខាតមួយចំនួន និងចូលរួមក្នុងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ រួមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ ភូមិក្នុងតំបន់អង្គរ និងក្រៅតំបន់អង្គរ ។

គោលដៅបន្ត ក្រុមការងារ សហគមន៍ នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិ អប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ ឱ្យកាន់តែមានប្រសិទ្ធិភាព ទាន់ពេលវេលា ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុលផ្ទះ និងសុំសាងសង់សំណងតូចតាច ពុំមានការបង់ប្រាក់ឡើយ៕

To Top