ភ្នំពេញ ៖ ក្រោយរដ្ឋសភាជាតិកម្ពុជាបោះឆ្នោត សេចក្តីទុកចិត្តឲ្យធ្វើជា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី ដោយសំឡេងគាំទ្រជាឯកច្ឆ័ន្ទ៨២សំឡេង លោក ប្រាជ្ញ ចន្ទនឹងចូលកាន់តំណែងជាផ្លូវការ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ។
ពិធីប្រកាសចូលកាន់តំណែងប្រធានគ.ជ.បថ្មីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នៅទីស្តីការ គ.ជ.ប ។ នេះជាការថ្លែងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៨ មិថុនា។
ចំពោះការចាក់ចេញរបស់លោក ស៊ិក ប៊ុនហុក ហើយជំនួសដោយ លោកប្រាជ្ញ ច័ន្ធ វិញលោក ហង្ស ពុទ្ធាបង្ហាញពីមតិផ្ទាល់ខ្លួនថា គ.ជ.ប នៅតែបន្តធ្វើការងារទៅតាមការអនុលោមបស់ច្បាប់ដោយមានប្រធានមួយរូប អនុប្រធានមួយរូប និងសមាជិក៧រូប ។
លោកថា “គ.ជ.បនៅតែរក្សានូវឯករាជ្យភាព និងអព្យាក្រឹត្យភាពរបស់ខ្លួនដោយផ្អែកទៅលើច្បាប់ដែលមានជាធរមាន ។ គ.ជ.បនៅតែធានាថា បងប្អូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំទទួលបានការចុះឈ្មោះបោះឆ្នោត” ។
សូមបញ្ជាក់ថា មុនក្លាយមកជាប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ។ លោកប្រាជ្ញ ចន្ទ បានសិក្សាបញ្ចប់ការសិក្សាសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ។ លោកបានធ្វើការនៅក្រសួងមហាផ្ទៃ ជាប្រធាននាយករដ្ឋានផ្សេងៗ និងជារដ្ឋលេខាធិការ ចាប់តាំងពីឆ្នាំ១៩៩១-២០០១ បន្តមកជាអភិបាល ខេត្តបាត់ដំបង នៅឆ្នាំ២០០១-២០១៣ និងមកធ្វើជាអភិបាល ខេត្តត្បូងឃ្មុំ ពីឆ្នាំ២០១៤-២០១៧ ។
បន្ទាប់ពីរដ្ឋសភាបោះឆ្នោតឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានប្តេជ្ញាចិត្តធ្វើឲ្យ គ.ជ.ប មានតម្លាភាព ទៅតាមច្បាប់បានកំណត់ ៕