ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញមហិច្ឆតាធ្វើទំនើបកម្ម ក្នុងវិស័យកសិកម្មឲ្យកាន់តែប្រកួតប្រជែង ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកក្រសួងកសិកម្ម។
ក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) តាមប្រព័ន្ធអនឡាញ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «ក្រសួងមានមហិច្ឆតា ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឲ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាពដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា»។
លោកបន្ដថា គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ គោលដៅចម្បងគឺបង្កើនតម្លៃបន្ថែម និងបង្កើនផលិតភាពពលកម្មកសិកម្ម ឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។
លោកបន្ថែមថា ក្រសួងក៏បន្តជំរុញកំណើនកសិកម្មដោយភាពប្រកួតប្រជែងខ្ពស់ តាមរយៈការផ្តល់សេវាកម្មប្រកបដោយតម្លាភាព គុណភាព សុវត្ថិភាព ធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងអាហារូបត្ថម្ភគ្រប់គ្រាន់ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកប ដោយចីរភាព និរន្តរភាព និងភាតរៈបរិស្ថាន៕

