ព័ត៌មានជាតិ

កម្ពុជា ពុំធ្លាប់ជាប់ឈ្មោះ ក្នុងបញ្ជីប្រទេស អនុវត្តកាត់ប្រដាប់ភេទស្រ្តី

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថា កម្ពុជា ពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេស អនុវត្តកាត់ប្រដាប់ភេទស្រ្តី (Female Genital Mutilation)នោះទេ ប៉ុន្ដែការលើកកម្ពស់យេនឌ័រ មានការរីកចម្រើន។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ដែលបានដកស្រង់ ក្នុងបទអន្តរាគមន៍បង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនានារបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស នាសម័យប្រជុំលើកទី៤៧ នៅUN កាលពីថ្ងៃ១៤ កក្កដា ។

តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN បានលើកឡើងថា ជារដ្ឋភាគី នៃអនុសញ្ញាស្តីពី «ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងស្ត្រីភេទ» (CEDAW) កម្ពុជាប្ដេជ្ញាលុបបំបាត់ការរើសអើងប្រឆាំងស្ត្រី និងក្មេងស្រី តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគាំពារសង្គមជាច្រើន ក៏ដូចជា ការផ្តល់ជូនសេវា សុខភាពផ្លូវភេទ និងបន្តពូជ នៅតាមកន្លែងជាច្រើនដល់ស្ត្រី។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា «កម្ពុជាពុំធ្លាប់ជាប់ឈ្មោះ ក្នុងបញ្ជីប្រទេសអនុវត្តការកាត់ប្រដាប់ ភេទស្រ្តី (Female Genital Mutilation)នោះទេ។ ការលើកកម្ពស់សមភាពយេនឌ័រ ក្នុងប្រទេស ក៏មានការរីកចម្រើនគួរ ឲ្យកត់សម្គាល់ ផងដែរ»។

ស្ថានបេសកកម្មអចិន្ត្រៃយ៍បន្ដថា ដើម្បីសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) កម្ពុជា ផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់ ការលុបបំបាត់រាល់អំពើហិង្សាលើស្រ្តី និងកុមារី រួមទាំង ការរំលោភសេពសន្ថវៈ។ ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយជាច្រើន ដែលផ្ដោតលើអភិក្រមគាំទ្រជនរងគ្រោះ រួមមាន ៖ ការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីមូលដ្ឋាន ក៏ដូចជាជំនួយផ្នែកច្បាប់នានា ត្រូវបានដាក់ចេញ និងផ្តល់ជូនក្នុងគោលដៅការពារ និងឆ្លើយតបឲ្យមានប្រសិទ្ធភាពចំពោះបទឧក្រិដ្ឋនេះ។

ឆ្លៀតឱកាសនោះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ក៏បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែល ដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញឡើយ ៕

To Top