ព័ត៌មានជាតិ

ករណីអតីត CNRP ៖ លោក សយ សុភាព ឯកភាពតាម លោក សាម អ៊ីន និយាយថា រឿងរំដួលទុកឲ្យរំដួលដោះស្រាយចុះ (Video)

ភ្នំពេញ ៖ ក្រោយផ្តល់យោបល់ឲ្យអតីតគណបក្សសង្រ្គោះជាតិ (CNRP) បានចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៨ មិនបានសម្រេច ដោយអតីតថ្នាក់ដឹកនាំបក្សនេះមិនអនុវត្តតាម ហើយខណៈការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិដែលនឹងឈានចូលមកដល់នាឆ្នាំ២០២២-២០២៣ ខាងមុខ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានរំលឹកថា “រឿងរំដួលទុកឲ្យរំដួលដោះស្រាយចុះ” ដោយលើកនេះ ក្នុងនាមលោកជាតំណាង គ ប ម មិនផ្តលល់យោបល់ឲ្យទៀតទេ ។ ត្រង់ចំណុចនេះហើយបានធ្វើឲ្យ លោក សយ សុភាព ឯកភាពតាម។

លោក សាម អ៊ីនបានថ្លែងតាមហ្វេសប៊ុកនាថ្ងៃ១៩ កក្កដា “រឿងរំដួលទុកឲ្យរំដួលដោះស្រាយចុះ កាលពីដើមឆ្នាំ២០១៨ ក្រុមការងារគ ប មបានផ្តល់គំនិតយោបល់ជាចំហជូនក្រុមការងារអតីត CNRP ឲ្យត្រៀមខ្លួនបង្កើតបក្សថ្មី ឬយកបក្សចាស់ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ២០១៨ ជំនួសឲ្យការដេករង់ចាំបរទេស ជួយប្រោសឲ្យ CNRP រស់ឡើងវិញ។ កាលនោះយើងប្រមើលមើលឃើញថា បើក្រុមគាត់ជ្រើសយកជម្រើសនេះ យើងអាចទប់ស្កាត់បក្សប្រជាជនកុំឲ្យឈ្នះឈានទៅគ្រប់គ្រងអាសនៈរដ្ឋសភាជាតិលើសពី២/៣ដែលអាចកែរដ្ឋធម្មនុញ្ញបានដោយឯកបក្ស” ។

លោក សយ សុភាព តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ១៩ កក្កដានេះដែរបានលើកឡើងថា “ឯកភាព បង សាម អ៊ីន។ ខ្ញុំក៏ធ្លាប់បានផ្តល់យោបល់ទៅឲ្យអតីតអ្នកដឹកនាំ អតីតបក្សនោះដែរ តែចចែសមិនព្រមស្តាប់ ហើយនៅតែជឿ អាមេរិក និងសហភាពអឺរ៉ុប ជួយឲ្យបក្សនោះរស់វិញបាន។
ខ្ញុំក៏បានផ្តល់យោបល់ទៅបរទេសនោះវិញថា ឈប់និយាយពីបក្សនោះទៀត ហើយត្រូវប្រមូលអ្នកសល់ពីបំរាមនយោបាយមកបង្កើតបក្សថ្មីចូលរួមបោះឆ្នោត” ។

លោកបន្តថា អ្វីដែលសំខាន់អតីតសមាជិកបក្សនោះ លែងមានព្រលឹងខ្មែរក្នុងខ្លួនហើយ គឺពួកគេជឿលើបរទេសងុបងល់។ លោកថា នេះហើយជាមេរៀន បើមិនរាងចាលទៀត ចប់ហើយ។

លោកសយ សុភាព សង្កត់ធ្ងន់ថា “ខ្ញុំសូមផ្តាំទៅអតីតមេបក្សនេះ បើមានឱកាសកុំជឿ និងងុប ងល់បរទេសជាងខ្មែរឲ្យសោះ លទ្ធផលគ្រោះថ្នាក់យ៉ាងដូច្នេះ។ គេមិនមែនស្រលាញ់យើងទេ តែគេរកលេសជ្រៀតចូលដើម្បីផលប្រយោន៍។ ចូរយកគំនិតខ្មែរសម័យមហានគរមកដាក់ខ្លួនវិញ ទើបយើងឈប់ចាញ់បោករបទេស ម្តងហើយម្តទៀត។ កុំជឿឲ្យសោះថា គេស្មោះជាមួយយើង។ សុបិន្តសុទ្ធ ។

លោកបន្ថែមថា ត្រូវដឹងគុណ និងថែរក្សាឲ្យខ្ជាប់ខ្ជួន «២៩ ធ្នូ ១៩៩៨» ជាទស្សនៈវិជ្ជានយោបាយដ៏ភ្លឺស្វាង របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ។

លោក សាម អ៊ីនបន្តថា ក៏ប៉ុន្តែយុទ្ធនាការ ដេកផ្ទះឈ្នះឯង និង ម្រាមដៃស្អាតបានធ្វើឲ្យបក្សប្រជាជនគ្រប់គ្រងរដ្ឋសភាទាំងស្រុង ហើយសំឡេងប្រឆាំងសូម្បីតែមួយក៏គ្មានក្នុងរដ្ឋសភាជាតិខ្មែរទាំងមូល។

លោកឲ្យដឹងទៀតថា “បច្ចុប្បន្នក្រុមការងារ គ ប ម យើងឈប់ខ្វល់អំពីរឿងរំដួលហើយ។ ចង់គេបែកទៅជា៥ ឬ ១០ជម្រៀក ឬចង់បន្តយុទ្ធនាការ ដេកផ្ទះឈ្នះស្រួ” គឺជារឿងរបស់រំដួលទេ។

យើងបន្តដំណើរទៅមុខសន្សឹមៗ តាមផ្លូវរបស់យើង ហើយសម្របខ្លួនតាមកត្តាអាកាសធាតុនយោបាយជាក់ស្តែង ។ បើទោះបី ១០០ឆ្នាំទៀត ទើបទៅដល់គោលដៅ ក៏យើងពេញចិត្តនឹងធ្វើដែរ ពីព្រោះយើងត្រួសត្រាយផ្លូវថ្មីនេះ មិនមែនគ្រាន់តែសម្រាប់ជំនាន់យើងដើរទេ តែជាពិសេសទុកឲ្យអ្នកជំនាន់ក្រោយដើរបន្តទៅមុខទៀត” ៕

To Top