Covid-19

ឃាត់ខ្លួន ជនជាតិវៀតណាម ៥នាក់ លួចឆ្លងដែនចូលកម្ពុជា ក្នុងពេលហាមឃាត់

ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង វរៈ៦០៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយក្រាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានល្បាតចល័ត បង្ក្រាបជនជាតិវៀតណាម លួចឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជា ចំនួន៥នាក់ ស្រី៣នាក់ នៅចំណុច ខ្សែបន្ទាត់ព្រំដែន ( កម្ពុជា) ស្ថិតនៅភូមិប្រចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង -(វៀតណាម)ស្ថិតនៅភូមិទ្រុងចិន ឃុំថាយប៊ុនទ្រុង ស្រុកវិញហ៊ឹង ខេត្តឡុងអាន ។

គួររំលឹកផងដែរថា កម្លាំងនគរបាលការពារព្រំដែន សហការជាមួយកម្លាំងពាក់ព័ន្ធ បានទប់ស្កាត់ជនបរទេសឆ្លងដែន ខុសច្បាប់ចូលមកកម្ពុជា និងឃាត់ខ្លួនមេខ្យល់ កសាងសំណុំរឿង ចាត់ការតាមច្បាប់ជាបន្តបន្ទាប់ ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យផ្អាកជា បណ្តោះអាសន្ន ក្នុងការធ្វើដំណើរ ចេញ-ចូល ឆ្លងកាត់ ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ពី វៀតណាម ចូលប្រទេសកម្ពុជា។

ក្នុងករណីនេះផងដែរ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ កក្កដា តាមរយៈលិខិតមួយច្បាប់ បានណែនាំដល់ប្រធាន ឬតំណាងក្រុមហ៊ុន សម្បទានដី សេដ្ឋកិច្ចឲ្យផ្អាក ការធ្វើដំណើរចេញ-ចូលកម្ពុជា ជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករ ជនជាតិវៀតណាមទាំងអស់ ក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺកូវីដ-១៩៕

To Top