ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំ ពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ នារសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិ គាំពារសង្គម រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសជំនាញ នៃ ប.ស.ស. បានចូលរួមប្រជុំពិភាក្សាបន្ត ទៅលើសេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធគាំពារសង្គម” ។

ការរៀបចំឱ្យមាន កិច្ចពិភាក្សាបន្ត នារសៀលនេះ គឺដើម្បីពិនិត្យ កែសម្រួល និងពិភាក្សារួមគ្នា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីឱ្យកាន់តែមាន ភាពល្អប្រសើរ និងត្រឹមត្រូវ ឆ្លើយតបទៅនឹង គោលនយោបាយ ជាតិគាំពារសង្គម ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ការបង្កើតឱ្យមានច្បាប់ស្តីពី “ប្រព័ន្ធគាំពារសង្គម” នេះឡើង គឺដើម្បីធានាបាននូវសុខុមាលភាព និងកាត់បន្ថយភាពរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹងសន្តិសុខប្រាក់ចំណូល របស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ សមភាពសង្គម តាមរយៈការបង្កើត និងគ្រប់គ្រងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន វឌ្ឍនភាព និងចីរភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាទ្វេភាគីខាងលើនេះ ត្រូវបានរៀបចំឡើង ដោយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕







