នយោបាយ

វិភាគ ៖ ចិន និងអាមេរិក​ ចង្អុលមុខគ្នា ក្នុងសំណុំរឿង ចោរកម្មលើប្រព័ន្ធ បច្ចេកវិទ្យា

បច្ចុប្បន្នភាព

មេដឹកនាំ របស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានចង្អុលមុខគ្នាលើសំណុំរឿង ចោរកម្មព័ត៌មានវិទ្យា លើប្រព័ន្ធបច្ចេកវិទ្យា ដោយប្រទេស ទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទវាយប្រហារ តាមប្រព័ន្ធ Internet ក្នុងវិស័យឯក និងរដ្ឋ ។

ប្រទេសចិន បានវាយបក ទៅសហរដ្ឋអាមេរិកវិញ ដោយចោទប្រកាន់ថា អាមេរិក គឺជាជើងឯក នៅលើពិភពលោក ខាងវាយប្រហារ លើប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសនានា រួមទាំងប្រទេសជាសម្ព័ន្ធមិត្ត របស់ខ្លួនទៀត និងទម្លាក់កំហុស ដាក់ប្រទេសដទៃ ។

ការវាយបករបស់ចិន ត្រូវបានធ្វើឡើង ក្រោយពីសហរដ្ឋអាមេរិក និង ប្រទេសជាសម្ព័ន្ធមិត្ត បានចេញសេចក្តីថ្លែងការណ៍រួមមួយ ថ្កោលទោសប្រទេសចិន ដែលបានគាំទ្រ ក្រុមចោរព័ត៌មានវិទ្យា អោយវាយប្រហារលើប្រព័ន្ធ បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ។

លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន នៅសប្តាហ៍នេះថា ការចោទប្រកាន់ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលើប្រទេសចិន ពីបទវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា គឺជារឿងប្រឌិតសុទ្ធសាធ ។

លោក Zhao Lijian បាននិយាយថា សហរដ្ឋអាមេរិក មិនត្រឹមតែជាចោរព័ត៌មានវិទ្យា ដែលបានវាយប្រហារ លើប្រព័ន្ធ Internet របស់ប្រទេសនានានោះទេ អាមេរិក ក៏ធ្លាប់បានប្រើ ឧបករណ៍ឈ្លបយកការណ៍ ពីប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ ។

លោក Zhao Lijian បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបង្អាក់ការរីកចម្រើន និងបង្ខូចកេរឈ្មោះរបស់ប្រទេសចិន ដោយបង្កអោយមាន សង្គ្រាមពាណិជ្ជកម្ម រឹតត្បិតទីផ្សារលក់ ប្រព័ន្ធបច្ចេកវិទ្យា ញុះញង់ប្រទេសក្នុងតំបន់ អោយប្រឈមមុខជាមួយចិន និងចោទប្រកាន់ចិនពីបទវាយប្រហារ ប្រព័ន្ធបច្ចេកវិទ្យាថែមទៀត ដែលទង្វើមិនទទួលខុសត្រូវ ​ ។

ការវាយបកពីប្រទេសចិន ទៅលើសហរដ្ឋអាមេរិកបែបនេះ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក លោក Antony Blinken បានចោទប្រកាន់រដ្ឋាភិបាលចិន ពីបទនៅពីក្រោយក្រុមចោរព័ត៌មានវិទ្យា ដែលបានវាយប្រហារ បច្ចេកវិទ្យាអាមេរិក ។

លោក Antony Blinken បាននិយាយថា ចិនមានអាកប្បកិរិយាមិនទទួលសខុសត្រូវ បង្ករឿង និងបង្កអស្ថិរភាពក្នុងលំហរប្រព័ន្ធបច្ចេកវិទ្យា (Cyberspace) ដែលនេះជាការគំរាមកំហែង មួយលើសេដ្ឋកិច្ច និងសន្តិសុខ របស់សហរដ្ឋអាមេរិក និងពិភពលោក ។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ប្រទេសជប៉ុន អូស្រ្តាលី កាណាដា និងប្រទេស នូវ៉ែលហ៊្សេឡង់ បានចេញសេចក្តី ថ្លែងការណ៍ថ្កោលទោស​​ ប្រទេសចិន ដោយចោទប្រកាន់ចិន ពីបទនៅពីក្រោយការ ជួយទំនុកបម្រុង និងការពារដល់ ក្រុមចោរព័ត៌មានវិទ្យា ជនជាតិចិននៅលើទឹកដីចិន ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ មានប្រទេសខ្លះដូចជា សហរដ្ឋអាមេរិកជាដើម បានវាយប្រហារចិនយ៉ាងចាស់ដៃ និងមិនសំចៃមាត់ ប៉ុន្តែប្រទេសខ្លះ មានការប្រុងប្រយ័ត្ន ដោយបានថ្លឹងថ្លែងពាក្យពេជចន៍ របស់ខ្លួនចំពោះសេចក្តីថ្លែងការណ៍នោះ ។

នេះគឺជាការមូលមតិគ្នា រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការថ្កោលទោស ប្រទេសចិន លើសំណុំរឿងចោរកម្ម ព័ត៌មានវិទ្យាលើប្រព័ន្ធបច្ចេកវិទ្យា ដែលកាលពីមុន សហរដ្ឋអាមេរិកធ្លាប់តែចោទ ប្រកាន់ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម ។

ទោះបីជាមានគ្នាច្រើន ក៏ចិនមិននៅស្ងៀមដែរ ដោយស្ថានទូតរបស់ប្រទេសចិន ប្រចាំប្រទេសអូស្ត្រាលី បានចេញសេចក្តីថ្លែង ការណ៍មួយដែរ ដោយបានលើកឡើងថា រដ្ឋាភិបាលអុស្ត្រាលីប្រៀបបី ដូចជាសត្វសេក គឺចាំតែនិយាយ តាមអាមេរិកប៉ុណ្ណោះ ។

សេចក្តីថ្លែងការណ៍ របស់ស្ថានទូតចិន ដដែល បានបន្ថែមថា អាមេរិក និងសម្ព័ន្ធមិត្ត មិនមានភស្តុតាងច្បាស់លាស់ ក្នុងការចោទប្រកាន់ប្រទេសចិន លើសំណុំរឿងចោរកម្មព័ត៌មានវិទ្យា លើប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែក្រុមសម្ព័ន្ធមិត្តអាមេរិក គ្រាន់តែបន្ទរតាមតែប៉ុណ្ណោះ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំ អោយប្រទេសមហាអំណាចទាំងពីរ ចង្អុលមុខគ្នាក្នុងសំណុំរឿង ការវាយប្រហារ លើប្រព័ន្ធ បច្ចេកវិទ្យានេះ គឺដោយសារ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ស្ថាប័នប្រមាណ ជាង ៣០០០០ នៅទូទាំងពិភពលោក បានទទួលរងការវាយប្រហារ ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា លើប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ។

ក្រុមចោរព័ត៌មានវិទ្យា បានវាយប្រហារទៅលើប្រព័ន្ធ បច្ចេកវិទ្យារបស់ស្ថាប័នរដ្ឋ ឯកជន អង្គការក្រៅរដ្ឋាភិបាល សលកវិទ្យាល័យ មន្ទីរពិសោធន៍នានា និងស្ថាប័នផ្សេងទៀត នៅទូទាំងពិភពលោក ដោយបង្អាក់ដំណើរ ការប្រព័ន្ធ Internet ក្នុងកុំព្យូទ័រ ដោយលួចយក ទិន្នន័យផ្សេងៗ វាយប្រហារដោយ ជំរិតទារប្រាក់ និងចូលទៅសម្ងំក្នុង ប្រព័ន្ធបច្ចេកវិទ្យា ។

ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់ក្រុមចោរព័ត៌មានវិទ្យា ចំនួន៤នាក់ ដែលក្នុងនោះមាន៣នាក់ជាភ្នាក់ងារ នៃក្រសួងសន្តិសុខរបស់ប្រទេសចិន ពីបទវាយប្រហារលើប្រព័ន្ធ បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក នៅក្នុងឧស្សាហកម្មនានា ក្នុងចន្លោះពីឆ្នាំ២០១១ដល់ឆ្នាំ២០១៨ ដើម្បីចូលលួចយកទិន្នន័យ ឬលួចយកបច្ចេកវិទ្យាពីអាមេរិក ។

ចំណែកប្រទេសចិន បានវាយបកទៅលើ​ ស​ហរដ្ឋអាមេរិកថា អាមេរិកបានចោទប្រកាន់ ប្រទេសស្ទើរ ជុំវិញពិភពលោក អំពីការវាយប្រហារ ប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ដោយមិនមានភស្តតាង ឬមិនមានអំណះអំណាងពិតប្រាកដនោះទេ ដែលសហរដ្ឋអាមេរិកខ្លួនឯង គឺជាជើងឯកខាងវាយប្រហារ លើប្រព័ន្ធបច្ចេកវិទ្យារបស់ប្រទេសដទៃ ៕

ដោយ ៖ អ៊ី ជិន

To Top