ព័ត៌មានជាតិ

ប្រទេសតង់ហ្សានី ទទួលបានវ៉ាក់សាំង កូវីដ១៩ មួយលានដូស ពីអាមេរិក

បរទេស៖ ថ្នាំវ៉ាក់សាំងកូវីដ១៩ Johnson & Johnson ចំនួនជាងមួយលានដូស ដែលត្រូវបានបរិច្ចាគដោយសហរដ្ឋអាមេរិក បានបញ្ជូនទៅដល់ប្រទេសតង់ហ្សានី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសតង់ហ្សានី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាំវ៉ាក់សាំងដែលសហរដ្ឋអាមេរិកបរិច្ចាគនោះ បានបញ្ជូនទៅដល់ទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី កាលពីថ្ងៃសៅរ៍ តាមរយៈកម្មវិធី COVAX ជាកម្មវិធីសម្រាប់ផ្តល់ថ្នាំវ៉ាក់សាំងដោយស្មើភាពជាសកល។ 

តាមសេចក្តីរាយការណ៍មួយ លោក Dr. Donald Wright  ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសតង់ហ្សានី បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងកំពុងតែចែករំលែកថ្នាំវ៉ាក់សាំងទាំងនេះ ដើម្បីសង្គ្រោះអាយុជីវិត និងដើម្បីដឹកនាំពិភពលោក ក្នុងការនាំទៅរកទីបញ្ចប់ការការរាតត្បាតជម្ងឺឆ្លង”។ 

គួរបញ្ជាក់ថា យោងតាមអង្គការសុខភាពពិភពលោក ប្រទេសតង់ហ្សានី បានរាយការណ៍មានករណីឆ្លងជម្ងឺកូវីដ១៩ចំនួន៦០៩ករណី និងស្លាប់ចំនួន២១នាក់ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ចាប់តាំងពីជម្ងឺរាតត្បាតនៃបានចាប់ផ្តើមកើតមានមក៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top