ព័ត៌មានជាតិ

អបអរសាទរ! ខេត្តកំពង់ស្ពឺ មានអ្នកជំងឺកូវីដចំនួន១០៥នាក់​ បានជាសះស្បើយ និងគ្មានឆ្លងថ្មី និងស្លាប់

ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន១០៥នាក់ បានជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី និងគ្មានករណីស្លាប់

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៊ី សំណាង បានសរសេរយ៉ាងដូច្នេះថា «នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ស្ពឺយើងចំនួន១០៥នាក់ បានជាសះស្បើយ ។ បច្ចុប្បន្នយើងមានអ្នកជំងឺចំនួន៦៣៩នាក់កំពុងសម្រាកព្យាបាល។ ប៉ុន្តែថ្ងៃនេះ មិនមានអ្នកឆ្លងថ្មីទេ ហើយក៏មិនមានអ្នកស្លាប់ដែរ» ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៨៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ៣.១០៥នាក់ និងកំពុងសម្រាកព្យាបាល៦៣៩នាក់ ស្លាប់៩០នាក់ ៕

To Top